ខេត្តកោះកុង ៖ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះ ឲ្យក្រុមការងារពត៌មានដឹងថា គិតត្រឹមថ្ងៃ១៩ មិថុនា ២០២៥នេះ សមត្ថកិច្ចខាងកម្ពុជាយើងនៅតែបន្តបិទ មិនឲ្យនាំបន្លែ ផ្លែឈើពីប្រទេសថៃ ឆ្លងកាត់ចូលមកកម្ពុជាឡើយ ។
ក្នុងនោះ ក៏មានសេចក្តីរាយការណ៍ពីខាងច្រកទ្វារអន្តរជាតិព្រំដែនថៃ ជាប់នឹងចាំយាម ខេត្តកោះកុង ថា មានបន្លែ និងផ្លែឈើមួយចំនួនរបស់អ្នកជំនួញថៃ រងការខូចខាតដែរ ។
បើតាមសមត្ថកិច្ចខាងកម្ពុជាបញ្ជាក់ថា ករណីនេះ បើភាគីថៃ បើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិនេះ ដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញដែរ ។
ចំពោះចរាចរណ៍ទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គិតត្រឹមថ្ងៃ១៩ មិថុនា ២០២៥នេះ ក្រៅពីបន្លែ ផ្លែឈើ ដែលបិទការនាំចូលមកកម្ពុជា ការធ្វើដំណើរចេញ ចូលរបស់ពលរដ្ឋ និងអ្នកទេសចរណ៍បរទេស ឬទំនិញផ្សេងៗ ក្រៅពីបន្លែ ផ្លែឈើ នៅបើកដំណើរការ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច ។
ជាមួយគ្នានេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក នៅច្រកព្រំដែនអន្តរជាតិចាំយាម និងមណ្ឌលសំចតច្រកចាំយាម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ព័ត៌មាន ស្តីអំពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ៕






