(ប្រទេសអ៊ីរ៉ង់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ បង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីចៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ។
ក្នុងសេចក្ដីអំពាវនាវរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីរ៉ង់ បានបន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា សូមជម្រាបជូនពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេស អ៊ីរ៉ង់ មេត្តាជ្រាបថា ផ្អែកលើស្ថានការណ៍កំពុងវិវត្តន៍នៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែលប្រកបដោយភាពតានតឹង និងគ្រោះថ្នាក់ខ្លាំងពិបាកប៉ាន់ស្មាននោះ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ សូមបង្កើនការ ប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមសហការអនុវត្តន៍ឱ្យបានហ្នឹងម៉ាត់តាមការ ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងឧប្បត្តិហេតុជាយថាហេតុណាមួយ ។
ក្នុងករណីចាំបាច់ត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីក្រុងញូវដែលី ដូចខាងក្រោម៖
– លោក ហួន សុផាណារ៉ា លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 88 60 899 106/+855 10 998 654 (WhatsApp/Telegram)
– លោក គឹម គង់ លេខាធិការទី១ ទូរស័ព្ទលេខ៖ +91 96 54 737 536/ +855 88 700 4904 (WhatsApp/Telegram)
– Email ស្ថានទូត៖ camemb.ind@mafic.gov.kh
ស្ថានទូតនឹងជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសអ៊ីរ៉ង់ អំពីការចាត់ វិធានការសមស្របណាមួយ តាមកាលៈទេសៈចាំបាច់នៃសភាពការណ៍វិវត្តន៍ជាក់ស្តែង៕
ប្រភព៖ ក្រសួងព័ត៌មាន