ចិន៖ អាជ្ញាធរចិនបានជម្លៀសពលរដ្ឋជិត ៧០,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ តំបន់ដែលកំពុងរងឥទ្ធិពលដោយសារព្យុះទីហ្វុង Wutip នៅពេលនេះគឺក្រុង Zhaoqing នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។
បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្រេចជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ហើយ ព្យុះទីហ្វុង Wutip ក៏កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណជា ១៨៣,០០០នាក់ផ្សេងទៀតផងដែរ ដោយផលប៉ះពាល់ទាំងនោះមានដូចជា ពិបាកធ្វើដំណើរ ឬខកខានមិនអាចទៅបំពេញការងារផ្សេងៗបាន ដ្បិតភ្លៀងនៅបន្តធ្លាក់ខ្លាំង ហើយផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានពលរដ្ឋចិនណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time