ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារ ខេត្ត ក្រុង និងក្រុមការងារចម្រុះនៃមន្ទីរ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបានចុះសម្របសម្រួលជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥។
អាជ្ញាធរខេត្ត ក្រុមការងារចម្រុះ និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ទទួលស្វាគមន៍បងប្អូនពលករយ៉ាងកក់ក្តៅ នៅទីតាំងមណ្ឌលសំចត បណ្ដោះអាសន្ន និងប្រឹក្សាយោបល់អំពីឱកាសការងារជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមានឱកាសទទួលបានការងារប្រកបរបរចញ្ចឹមជីវិតនៅស្រុកកំណេីត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនពលករធ្វើការនៅប្រទេសថៃវិលត្រឡប់មកកម្ពុជា វិញ និងបានបើកឱកាសការងារជូនបងប្អូនធ្វើជាច្រើនរាប់ពាន់កន្លែងផងដែរ។ ក្នុងនោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំរថយន្តសម្រាប់ដឹកបងប្អូនពលករ វិលត្រលប់ទៅស្រុកកំណេីត ព្រមទាំងបានផ្តល់អាហារ ជូនផងដែរ៕
ប្រភព៖ ក្រសួងមហាផ្ទៃ