ខេត្តសៀមរាប ៖ លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈនិង ជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារនិងអភិវឌ្ឍន៍រមណីយ ដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក) ដែលធ្វើឡើងនៅខេត្ត សៀមរាប កាលពីរសៀលថ្ងៃទី ២០ខែ មិថុនាថាការងារជួសជុល ថែទាំ និង អភិ រក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្ត សៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បះ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជារយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា ដែលសហ ការជាមួយអ្នកជំនាញបរទេសបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានីភ័យក៏ដោយ ក៏រយៈពេល១០ ឆ្នាំទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរានៅតែបន្តការងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។

លោកជំទាវ បញ្ជាក់ទៀតថា តម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ គឺជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ «បើទោះបីជាក្នុង រយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងជួយសង្គ្រោះប្រាសាទ បុរាណ ជាច្រើនឱ្យរួចផុតពីហានីភ័យ រួចហើយក្តី ក៏នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរានៅតែបន្តជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនថែមទៀត» ។ ក្រៅតែពីបន្តជួយសង្គ្រោះប្រាសាទបុរាណ ក៏នឹងប្រឹងប្រែងបណ្ដុះ បណ្ដាលកូនខ្មែរជំនាន់ក្រោយជាច្រើន ឱ្យចេះជំនាញជួសជុលនិងថែរក្សាប្រាសាទ បុរាណជំនួសអ្នកជំនាញបរទេសផងដែរ។

អ្នកជំនាញ ADHOC សម្រាប់ការអភិរក្សបេតិកភណ្ឌ លោក សាស្ត្រាចារ្យ Mounir Bouchenaki ថ្លែងថា ក្នុងរយៈពេល៣០ ឆ្នាំមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយ ដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ) ដែលមានជប៉ុននិងបារាំងជាសហប្រធាន ក្រៅតែពីបានជួយសង្គ្រោះប្រាសាទ បុរាណជាច្រើននៅតំបន់អង្គរ ឱ្យរួចផុតពីគ្រោះថ្នាក់ និងលើកតម្លៃអង្គរឱ្យកាន់តែល្បីល្បាញ ក៏បានរួមគ្នាធ្វើធម្មនុញ្ញអង្គរដ៏វិសេសមួយ ដែលធ្វើឱ្យប្រទេសជាច្រើនបានយកគំរូតាម។

បន្ថែមលើនេះ ក្រៅពីការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មីឱ្យមានជំនាញអភិរក្សបន្តវេន ក៏បានប្រមូលយកវត្ថុបុរាណនិងបដិមារពីបរទេសឱ្យវិលត្រឡប់មកមាតុភូមិកំណើត ជាបន្តបន្ទាប់ ធ្វើឱ្យកាន់តែមានភាពសំបូរបែបឡើងវិញ នៅក្នុងសារមន្ទីរនៃប្រទេស កម្ពុជាផងដែរ៕







