សហរដ្ឋអាមេរិក ៖ សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងជុំវិញការប្រកួតពានរង្វាន់ក្លិបលំដាប់ពិភពលោក Club World Cup ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការប្រកួតរវាងក្រុមតំណាងកូរ៉េខាងត្បូង Ulsan Hyundai ទល់នឹងក្រុមមកពីអាហ្វ្រិកខាងត្បូង Mamelodi Sundowns កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ មានអ្នកទស្សនាផ្ទាល់ប្រហែល៦០០នាក់ប៉ុណ្ណោះ ។
អំឡុងពេលក្រុមទាំងពីរកំពុងកម្តៅសាច់ដុំ មុនការប្រកួតផ្លូវការនៅកីឡដ្ឋាន Inter&Co ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ២៥ ៥០០នាក់ នៅទីក្រុងអ័រឡែនដូ (Orlando) រដ្ឋផ្លរីដា (Florida) មានតែអ្នកទស្សនាមកដល់ត្រឹម៩៧ នាក់ប៉ុណ្ណោះ ហើយចំនួននោះបានកើនឡើងប្រហែល៦០០នាក់ ប៉ុន្តែចំនួននេះនៅតែជាចំនួនតិចបំផុតមួយ សម្រាប់ការប្រកួតពានរង្វាន់លំដាប់ពិភពលោក។
អ្នកនិយមបណ្តាញសង្គមម្នាក់បានសរសេរលើបណ្តាញសង្គម X ថា FIFA Club World Cup គឺជាគ្រោះមហន្តរាយពិតប្រាកដសម្រាប់ក្រុមតូចៗ។ រីឯម្នាក់ទៀតក៏បានសរសេរថា តើមានអ្នកទស្សនាប៉ុន្មាននាក់នៅអ័រឡែនដូ? ម្នាក់ទៀតថា សូម្បីការប្រកួតលីគលំដាប់ទាបក៏ទាក់ទាញហ្វូងទស្សនាច្រើនជាងនេះដែរ។ ទន្ទឹមជាមួយគ្នានោះ អ្នកសង្កេតការណ៍ជាច្រើនបានសម្តែងការព្រួយបារម្ភថា ប្រសិនបើអ្នកគាំទ្របន្តស្ថិតនៅកម្រិតទាបបែបនេះ វាអាចប៉ះពាល់ដល់ភាពទំនុកចិត្ត និងភាពជឿជាក់នៃការប្រកួត។ អ្នកខ្លះបានព្រមានថា លោក Gianni Infantino ប្រធាន FIFA អាចនឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងលើស្ថានភាពបែបនេះ។
សូមជម្របថា ជំនួបនៅក្នុងពូល F ដែលក្រុម Mamelodi Sundowns បានយកឈ្នះលើក្រុម Ulsan Hyundai លទ្ធផល ១-០ ត្រូវបានកត់ត្រាមានអ្នកទស្សនាផ្ទាល់តិចបំផុតនៅព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទោះបីជាការប្រកួតជាច្រើនផ្សេងទៀតក៏សង្កេតឃើញអំពីចំនួនអ្នកទស្សនាតិចដូចគ្នាផងដែរ។
ជាក់ស្តែង ជំនួបដែលក្រុមតោខៀវ Chelsea យកឈ្នះក្រុមម្ចាស់ផ្ទះ Los Angeles FC លទ្ធផល ២-០ កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅ បានទាក់ទាញអ្នកទស្សនាចំនួន ២២ ១៣៧នាក់ នៅក្នុងកីឡដ្ឋាន Mercedes-Benz ដែលមានសមត្ថភាពផ្ទុកដល់ ៧៥ ០០០នាក់។ ការប្រកួតរវាងក្រុមប្រេស៊ីល Botafogo ទល់នឹងក្រុមម្ចាស់ផ្ទះ Seattle Sounders មានទស្សនា ៣០ ១៥១នាក់ក្នុងកីឡដ្ឋានមានកៅអី ៧២ ០០០។ ប្រកួតរវាងក្រុមយក្សអាល្លឺម៉ង់ Bayern Munich ទល់នឹងក្រុមនូវែលសេឡង់ Auckland City មានទស្សនា ២១ ១៥២នាក់ក្នុងកីឡដ្ឋានដែលមានកៅអី ២៦ ០០០នាក់។ ការប្រកួតផ្សេងទៀត ក៏ត្រូវបានសង្កេតឃើញអ្នកទស្សនានៅក្នុងកម្រិតទាបផងដែរ។ មានតែការប្រកួតចំនួន៣ប៉ុណ្ណោះ មានអ្នកទស្សនាលើសពី៥ម៉ឺននាក់ គឺជំនួបរវាងក្រុមយក្សអ៊ីតាលី Inter Miami ទល់នឹងក្រុមអេហ្ស៊ីប Al Ahly ជំនួបរវាង PSG ទល់នឹងក្រុម Atletico Madrid ព្រមទាំងជំនួបរវាង Boca Juniors ទល់នឹង Benfica។
ការប្រកួតឆ្នាំនេះ ក្រោមទម្រង់ថ្មី ដោយបង្កើនចំនួនក្រុមដល់៣២ ខុសពីការប្រកួតមុនៗ ដែលមានតិចជាង១០ក្រុម ប៉ុន្តែមិនទទួលបានភាពទាក់ទាញខ្លាំង។ អ្នករិះគន់បានលើកឡើងថា ទម្រង់ថ្មីនៅឆ្នាំនេះ បានធ្វើឱ្យគុណភាពការប្រកួតប្រជែងធ្លាក់ចុះខ្លាំង។ តួយ៉ាងការប្រកួត Bayern បំបាក់ Auckland City ដែលកីឡាករភាគច្រើនពាក់កណ្តាលអាជីព ដោយលទ្ធផល ១០-០ គឺជាឧទាហរណ៍ស្រាប់។
យ៉ាងណាមិញ បើទោះបីជាមានការរិះគន់ដូចទឹកបាក់ទំនប់ក៏ដោយ ប៉ុន្តែ FIFA អះអាងថា សំបុត្រទស្សនាជិត ១,៥លានត្រូវបានលក់អស់។ ការប្រកួតដែលចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ត្រូវបានព្យាករណ៍ថានឹងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ ដែលភាគច្រើនតាមរយៈការលក់សិទ្ធិផ្សាយ និងសិទ្ធិពាណិជ្ជកម្ម។ ជាមួយគ្នានោះ FIFA នឹងចែកប្រាក់រង្វាន់រហូតដល់ ១,១ពាន់លានដុល្លារអាមេរិក ដោយម្ចាស់ជើងឯករំពឹងថានឹងទទួលបានប្រហែល ១២៥លានដុល្លារ៕ ដកស្រង់ ៖ VnExpress



