ប្រយ័ត្ន! ជាតិនិយម​គ្មាន​សច្ចភាព អាច​បង្ក​អណ្តាតភ្លើង​ជម្លោះ​ព្រំដែន​និង​សង្គ្រាម

ប្រយ័ត្ន! ជាតិនិយម​គ្មាន​សច្ចភាព អាច​បង្ក​អណ្តាតភ្លើង​ជម្លោះ​ព្រំដែន​និង​សង្គ្រាម

ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ប្រទេស​មួយ ប្រជាជន​ត្រូវ​មាន​ស្មារតី​ជាត​និយម​ស្រឡាញ់​ប្រទេស​របស់​ខ្លួន​។ ដូច្នេះ វា​មិន​មាន​អ្វី​ខុសឆ្គង​ទេ នៅ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​និង​ថៃ​ស្រឡាញ់​ប្រទេស​ជាតិ​និង​គាំទ្រ​ដល់​ប្រទេស​ជាតិ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ​របៀប​នៃ​ការ​បង្ហាញ​ក្តី​ស្រឡាញ់​គឺ​វា​អាច​ជះ​ឥទ្ធិពល​ទាំង​ល្អ​និង​អាក្រក់​។ ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ ឪពុក​ម្តាយ​ស្រឡាញ់​កូន ហើយ​គាត់​បង្ហាញ​ក្តី​ស្រឡាញ់​របស់​គាត់​ដោយ​ធ្វើ​អ្វី​តាមតែ​ចិត​ត្ត​កូន​។​នៅ​ទីបំផុត​នោះ កូន​នោះ​ក៏​ក្លាយជា​កូន​ខូច មិន​មាន​សីល​ធម៌ មិន​មានចំណេះ​ដឹង ដោយសារ​តែ​កូន​នោះ​ឈ្លក់​នឹង​សប្បាយ​ហើយ​ភ្លេច​រៀន​ភ្លេច​សូត្រ​។


រឿង​ជាតិនិយម​នេះ​ក៏​ដូច​គ្នា​នេះ​ដែរ ការ​បង្ហាញ​អំពី​ស្មារតី​ជាតិ​និ​ម​របស់​មនុស្ស​ម្នាក់​ៗ​អាច​ជួយ​ដល់​ប្រទេស​ជាតិ ប៉ុន្តែ ក្នុង​ស្ថានភាព​អាក្រក់ វា​ក៏​អាច​ធ្វើបាប​ប្រទេស​ជាតិ​អោយ​ធ្លាក់​ក្នុង​ជម្លោះពូជសាសន៍​ឬ​សង្គ្រាម​ក៏​ថា​បាន​។ នេះ​ជា​អ្វី​ដេ​ល​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ត្រូវ​ចំណាយពេល​បន្តិច​ដើម្បី​គិត​ឡើង​វិញ​ថា​តើ​ពួក​គេ​កំពុង​តែ​បង្ហាញ​ស្មារតី​ជាតិនិយម​របស់​ពួក​គេ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ​ឬទេ?

ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​សុទ្ធតែ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដែល​អប់រំ​មនុស្ស​អោយ​ចេះ​ស្រឡាញ់​គ្នា ហើយ​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​។ សំខាន់​បំផុត​នោះ មូលដ្ឋាន​គ្រឹះ​នៃ​ព្រះពុទ្ធ​សាសនា​គឺ​សច្ចភាព ឬ​ការ​ពិត​។ ដូច្នេះ ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ ត្រូវ​តែ​មាន​សច្ចភាព​ជាប់​ខ្លួន នៅ​ពេល​ដែល​ពួក​គេ​បង្ហាញ​ស្មារតី​ជាតិនិយម​។ ស្មារតី​ជាតិនិយម​ដ៏​ងប់​ង​ល់​និង​គ្មាន​សច្ចភាព​គឺជា​រឿង​មួយ​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេស​និង​ប្រជា​ជ​នៃ​ប្រទេស​ទាំង​ពីរ​។

ទាហរណ៍​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ បើសិនជា​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ដក់​ជាប់​នូវ​គំនុំ​និង​ការ​ខឹង​គ្នា​រៀង​ៗ​ខ្លួន ហើយ ម្នាក់​ៗ​សុទ្ធតែ​ចង់​យក​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ តើ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​នឹង​រស់នៅ​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ​ដោយ​របៀប​ណា?

ទាំង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​គួរ​តេ​នាំ​គ្នា​គាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​អោយ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​មិន​ត្រូវ​នាំ​គ្នា​រុញ​អោយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះជាតិ​សាសន៍​ឬ​ប្រដាប់​អាវុធ​ឡើយ​។ ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​ថៃ​ត្រូវ​ចង​ចាំង​ថា សង្គ្រាម​គឺ​គ្មាន​អ្នក​ឈ្នះ​នោះ​ទេ គឺ​មាន​តែ​អ្នក​ចាញ់ ហើយ អ្នក​ដែល​រង​ទុក្ខ​ខ្លាំង​ជាងគេ​គឺ​ប្រជាជន​តែ​ម្តង​ជា​ពិសេស​គឺ​ប្រជាជន​នៅ​តាម​តំបន់​ព្រំដែន​។

ចលនា​ជាតិនិយម​បាន​កំពុង​តែ​ផុលផុស​ខ្លាំង​ឡើង​រវាង​កម្ពុជា​និង​ថៃ ក្រោយ​ពេល​ដែល​មានការ​ប៉ះទង្គិច​នៅ​ព្រំដែន​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​រហូត​ដល់​មានការ​បញ្ជូន​កម្លាំង​ទាំង​សងខាង ហើយ​ចាប់ផ្តើម​រឹត​បន្តឹង​លើ​ច្រកព្រំដែន ប៉ុន្តែ​សង្ឃឹមថា ភាគី​ទាំង​សងខាង​នឹង​រក្សា​ហើយ​ទប់​បាន​នូវ​ចលនា​ជាតិនិយម​កុំអោយ​វា​រីក​រាលដាល​ទៅ​ជា​រឿង​ជ្រុលនិយម​ឫ​ការ​រើសអើង​ជាតិ​សាសន៍ ។

បញ្ហា​ល្អក់កករ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ថៃ​នា​ពេល​នេះ បាន​កើត​មាន​ជា​បន្តបន្ទាប់ ចេញពី​បញ្ហា​នៅ​កោះ​គុត រហូត​ដល់​ប្រាសាទតាមាន់ធំ តា​មាន់​តូច តា​ក្របី និង តំបន់​មុំ​បី ហើយ​នៅ​ពេល​នេះ​គឺ​បាន​កំពុង​តែ​តានតឹង​នៅ​តាម​ខ្សែបណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​តែ​ម្តង ។

បញ្ហា​ទាំងនេះ ​វា​បណ្តាល​មក​ពី​ចលនា​ជាតិនិយម​ដែល​បង្កាត់ភ្លើង​ដោយ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​ទាំង​នៅ​ថៃ​និង​នៅ​កម្ពុជា ហើយ​បាន​ប្រើប្រាស់​វា​ដើម្បី​ជា​លេស​ដើម្បី​រិះគន់​លើ​គូប​ដិ​បក្ស ពោល​គឺ​ដណ្តើម​និង​ច្បាម​យក​សក្តានុពល​និង​ថាមពល​នយោបាយ នៅ​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ។ នេះ​គឺជា​បញ្ហា​ដែល​គួរតែ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា ភាគី​កម្ពុជា​និង​ថៃ អាច​នឹង​រក​ឃើញ​ដំណោះស្រាយ រួម​មួយ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​និង​បន្ថយកម្តៅ​ដោយ​សន្តិវិធី ។

មិនមែន​តែ​នៅ​កម្ពុជា​និង​ថៃ​នោះ​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ នយោបាយ​បែប​ជាតិនិយម​បាន​ងើបឡើង​វិញ​នៅ​ទូ​ទាំង​ពិភពលោក ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​ភាសា​ស្នេហា​ជាតិ មោទនភាព​វប្បធម៌ ឬ​អធិបតេយ្យភាព​ជាតិ ។ និន្នាការ​និង​យុទ្ធសាស្ត្រ​នយោបាយ​បែប​នោះ គឺ​តែងតែ​បណ្តាល​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ ការ​ស្អប់ខ្ពើម និង​គំនិត​ជ្រុលនិយម រហូត​ដល់ កើត​មាន សង្គ្រាម​ជា​បន្តបន្ទាប់ ដូច​ជា​នៅ​តំបន់​អាហ្វ្រិក ហើយ​មួយ​ចំណែក​នៃ​សង្គ្រាម​អ៊ី​ស្រា​អែ​ល និង អ៊ី​រ៉​ង់ ដែល​កំពុង​តែ​ឆាបឆេះ​នា​ពេល​ថ្មី​ៗ​នេះ​ក៏​វា​ជា​ផ្នែក​មួយ​ដែល​បង្កាត់ភ្លើង​ដោយ​ជាតិនិយម​នេះ​ផង​ដែរ ។

ការ​លើកតម្កើង​គំនិត “​ស្នេហា​ជាតិ​ពិត​” មិនមែន​ជា​ពាក្យស្លោក ឬ​កាយវិការ​ជា​និមិត្តរូប​នោះ​ទេ ប៉ុន្តែ​ជា​ការ​កសាង​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ឯកភាព អភិបាលកិច្ច​ល្អ និង​ការ​គោរព​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បន្សាប​បញ្ហា​និង​ទស្សនៈ​បែប​នេះ​គឺ​ដើម្បី​ផ្តល់​លទ្ធផល​ជាក់ស្តែង​ដូច​ជា​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពង្រឹង​សន្តិសុខ​ជាតិ លើកកម្ពស់​ការ​អប់រំ ពង្រីក​កម្មវិធី​ការ​ថែទាំ​សុខភាព និង​ការ​ការពារ​អត្តសញ្ញាណ​វប្បធម៌​។

សរុប​ទៅ​ដើម្បី​ទប់ទល់​ស្ថានការណ៍​និង​ភាព​តានតឹង​នៅ​តាម​ព្រំដែន សង្ឃឹមថា​ភាគី​កម្ពុជា​និង​ថៃ​នឹង ប្រើប្រាស់​ចលនា​ឫ​ទស្សនៈ​ជាតិនិយម​មួយ​ដ៏​ត្រឹមត្រូវ ពោល​គឺ​គួរតែ​បញ្ចូល​នូវ​ទម្រង់​នៃ​ចលនា​និង​ស្មារតី​ស្នេហា​ជាតិ​ដែល​ចាក់​ឫស​ចាក់​គល់​ឈរ​លើ​មូលដ្ឋាន​ច្បាប់ សក្ខីកម្ម​ពិតប្រាកដ ហើយ​មាន​តម្លាភាព ជា​ពិសេស​កុំ​កេង​ចំណេញ​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោម​ហេតុផល​នយោបាយ​និង​ការទូត ។

សូម​លើកកម្ពស់​ដំណោះស្រាយ​និង​ប្រកាន់​យក​នូវ​អ្វី​ដែល​ឈរ​លើ​គោលការណ៍​សន្តិភាព គោល​ការណ៍​ច្បាប់​អន្តរជាតិ និង គោរព​សេចក្តី​ថ្លៃថ្នូ​របស់​មនុស្សជាតិ​ទៅ​វិញ​ទៅ​មក ។ ដូច្នេះ ចូរ​ពលរដ្ឋ​កម្ពុជា​និង​ថៃ​រួម​គ្នា​ជំរុញ​ដំណោះស្រាយ​ដោយ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ហើយ​ដកខ្លួន​ចេញ​អោយ​ឆ្ងាយ​អំពី​ការ​ប្រព្រឹត្ត​ណាមួយ​ដែល​គ្រាន់តែ​ជា​ការ​សាក់​សាំង​លើ​ភ្លើង​ដែល​កំពុង​ឆេះ​។ ពលរដ្ឋ​គ្រប់​រូប​គួរតែ​រួម​គ្នា​ជះ​ទឹក​រំលត់ភ្លើង​នៃ​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​កុំអោយ​មានការ​ស្តាយក្រោយ ដោយសារ​តែ​ជម្លោះ​កាន់តែ​រីក​ធំ​ទៅ​ៗ៕.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles