យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១ ២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានទទួលអំណោយជាស្បៀង ថវិកា និងបណ្ណមូលនិធិសង្គមសុខាភិបាល (ប.ស.ស)ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
នេះជាលើកទី២ ហើយដែលលោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខនិងផ្តល់អំណោយជូនប្រជាពលរដ្ឋនៅទីនេះ។លោកជំទាវបណ្ឌិត បានថ្លែងរំលឹកថា កន្លងមកលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ក៏ធ្លាប់បានរៀបចំឱ្យមានដំណើរទៅកម្សាន្តនៅភ្នំគូលែនខេត្តសៀមរាបរួចម្ដងរួចមកហើយ ។លោកជំទាវ នឹងស្នើសុំទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយ បានទៅកម្សាន្តម្ដងទៀត។
ផ្សាភ្ជាប់ជាមួយព្រឹត្តិការណ៍ព្រំដែនកម្ពុជា ថៃ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ យើងមានទំនាស់ព្រំដែនជាមួយនឹងប្រទេសថៃ។ទន្ទឹមនេះកាលពីថ្ងៃទី១៨ ខែមិថុនា ប្រជាពលរដ្ឋខ្មែរបានធ្វើព្យុហយាត្រាសាមគ្គីភាព ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន។បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមានអ្នកចូលរួមជាង១៥ម៉ឺននាក់។
ពាក់ព័ន្ធនឹងអំណោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយចំនួន១២០៦គ្រួសារ ដោយមានគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ជាមួយនឹងការផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាលផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន