ក្រសួងសង្គមកិច្ច: ប្រារព្ធពិធីអបអរសាទរខួប១៨ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា នៅថ្ងៃទី២៥ មិថុនា ខាងមុខ

ក្រសួងសង្គមកិច្ច: ប្រារព្ធពិធីអបអរសាទរខួប១៨ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា នៅថ្ងៃទី២៥ មិថុនា ខាងមុខ

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា តាមការគ្រោងទុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា សហការជាមួយសមាគមអតីត យុទ្ធជនកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្របកោះពេជ្រ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចេញនូវសារលិខិតមួយច្បាប់ ដើម្បីជាការអបអរសាទរចំពោះទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះផងដែរ ដោយខ្លឹមសារនៃសារលិខិតបានចាត់ទុកទិវាអតីតយុទ្ធជនកម្ពុជាថា ជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទន ភាពបំផុត ដើម្បីរម្លឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ដោយពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តម ប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជន។

ក្នុងសារលិខិតបានគូសបញ្ជាក់ថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេសបានបណ្តាលឱ្យមានវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ចឱ្យខ្ទេចខ្ទីរដល់ឫសគល់ ហើយថែមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជនដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន ហើយថាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធនានាបានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈ ការបណ្តុះបណ្តាលការងារផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

តាមរយៈសារលិខិតនេះផងដែរ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាអនុប្រធានទី១ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ជូនចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូន បន្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបជូនថា ក្រោមការគិតគូជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះអតីតយុទ្ធជនចំនួន១១៤១៥៨នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន១៥៥៤៥៣នាក់ (គិតត្រឹម ខែមីនា ឆ្នាំ២០២៥) កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាង ឬស្មើ ៦៩០ ០០០រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០រៀលក្នុងមួយខែ និងបានដំឡើងឱ្យដល់ ៨២៥ ០០០រៀល ក្នុងមួយខែ នៅឆ្នាំ២០២៤។ ចាប់ពីខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសាររបស់អតីតយុទ្ធជនពលី និងមរណៈ និងប្រាក់ឧបត្ថម្ភប្តី ឬប្រពន្ធពី ១៥ ០០០រៀល ទៅ ៣០ ០០០រៀល កូនពី១០ ០០០រៀល ទៅ៣០ ០០០រៀល និងឪពុក ម្តាយ ឬអាណាព្យាបាលពី ៨ ០០០រៀល ទៅ ៣០ ០០០រៀលក្នុងម្នាក់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន៥០ ០០០រៀល និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៥០ ០០០រៀលជូនដល់និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles