Tesla, ចិន៖ បោះទុន ៥៥៦លានដុល្លារ សាងសង់រោងចក្រស្តុកថាមពលខ្នាតយក្សដំបូងបង្អស់

Tesla, ចិន៖ បោះទុន ៥៥៦លានដុល្លារ សាងសង់រោងចក្រស្តុកថាមពលខ្នាតយក្សដំបូងបង្អស់

អាមេរិក៖ ក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលអគ្គិសនី “Grid-scale” ជាលើកដំបូងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានភាគីចូលរួមចំនួន៣ គឺ ក្រុមហ៊ុន Tesla Shanghai អាជ្ញាធរក្រុងសៀងហៃ និងក្រុមហ៊ុន China Kangfu International Leasing Co.។

សូមបញ្ជាក់ថា “Grid-scale” ក្នុងវិស័យថាមពលគឺសំដៅដល់គម្រោងដែលជាប់ទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីធំៗដូចជា កន្លែងផលិតថាមពលសូឡាខ្នាតធំ កន្លែងផលិតថាមពលពីកម្លាំងខ្យល់ខ្នាតធំ និងរោងចក្រស្តុកថាមពលអគ្គិសនីខ្នាតធំៗ ដែលមានសមត្ថភាពអាចរក្សាទុក បញ្ជូន និងចែកចាយថាមពលអគ្គិសនីទាំងក្នុងកម្រិតតំបន់ និងថ្នាក់ជាតិ។ ប្រភពខាងលើបានបន្តថា កិច្ចព្រមព្រៀងនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ៤ពាន់លានយ័ន (ជាង ៥៥៦លានដុល្លារ) ហើយរោងចក្រមួយនេះនឹងក្លាយជាកន្លែងស្តុកថាមពលអគ្គិសនីធំបំផុតនៅក្នុងប្រទេសចិនផងដែរ​ បន្ទាប់ពីសាងសង់រួច។ បើតាមតំណាងរបស់ក្រុមហ៊ុន Tesla បានអះអាងថា គម្រោងខាងលើនេះនឹងចូលរួមចំណែកដោះស្រាយបញ្ហាផ្គត់ផ្គង់និងចែកចាយថាមពលអគ្គិសនីនៅក្នុងប្រទេសចិនបានយ៉ាងទូលំទូលាយនិងមានប្រសិទ្ធភាពក្នុងរយៈពេលវែងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles