កោះឬស្សី៖ ព្រះសីហនុ បញ្ជាក់ជាថ្មីពីដែនអធិបតេយ្យភាពកម្ពុជា និងបដិសេធព័ត៌មានមិនពិត! កោះនេះត្រូវរាជរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុន ២

កោះឬស្សី៖ ព្រះសីហនុ បញ្ជាក់ជាថ្មីពីដែនអធិបតេយ្យភាពកម្ពុជា និងបដិសេធព័ត៌មានមិនពិត! កោះនេះត្រូវរាជរដ្ឋាភិបាលជួលឲ្យក្រុមហ៊ុន ២

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ខែមិថុនានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ សាធារណជន និងអ្នកសារ ព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ មានការផ្សាយព័ត៌មានលើបណ្តាញសង្គមថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ» ព័ត៌មាននេះគឺជាព័ត៌មានមិនពិត។ រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ ព័ត៌មានដែលបង្ហោះផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។


រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា កោះឬស្សី គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន៖

១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។

២. ក្រុមហ៊ុន EVERSPRING RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។

បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី។

រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតនេះ និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំចែកចាយបន្តព័ត៌មានមិនពិតនេះ ជៀសវាងសាធារណមតិមានការភាន់ច្រឡំ និង ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកម្ចាស់គណនីខាងលើមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles