ច្រកព្រំដែនបិទ៖ កម្ពុជាបិទជាផ្លូវការច្រកជប់គគីរ និងជាំ នៅឧត្តរមានជ័យ ឆ្លើយតបសកម្មភាពឯកតោភាគីរបស់ថៃ

ច្រកព្រំដែនបិទ៖ កម្ពុជាបិទជាផ្លូវការច្រកជប់គគីរ និងជាំ នៅឧត្តរមានជ័យ ឆ្លើយតបសកម្មភាពឯកតោភាគីរបស់ថៃ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អនុវត្តន៍បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ច្រកទ្វារព្រំដែន ជប់គគីរ និង ជាំ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។

ការបិទច្រកទ្វារនេះដោយសារយោធាថៃ បានសម្រេចបិទច្រកសាយតាគូ–ជប់គគីរ ដោយមិនជជែកប្រជុំជាមួយភាគីកម្ពុជា។

កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា។

សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ និងជូនដំណឹងទៅភាគីថៃផងដែរ។

សម្តេចបានបញ្ជាក់ថា កងទ័ពថៃបានប្រើវិធានការបិទច្រក និងកែប្រែម៉ោងបើកបិទ ដោយស្ថិតតែមួយភាគី មិនគិតដល់ផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនមានបំណងបង្កការលំបាកដល់ប្រជាជននោះទេ ប៉ុន្តែបើកងទ័ពថៃបន្តប្រើវិធីនេះដើម្បីដាក់សម្ពាធ គឺកម្ពុជាក៏ត្រៀមខ្លួនដែរ។

សម្តេចបានបញ្ជាក់ថា វាជារឿងចម្លែកដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រី ស្នើសុំឲ្យចរចាដើម្បីបើកច្រកវិញ តែពេលតែមួយ កងទ័ពថៃវិញបន្តបិទ ឬកែសម្រួលម៉ោងតាមចិត្តដោយគ្មានការសម្របសម្រួល។ នេះបង្ហាញពីភាពខ្វះឯកភាព និងគោលនយោបាយច្បាស់លាស់រវាងថ្នាក់ដឹកនាំនិងកងទ័ពរបស់ថៃ។

សម្តេចបានបញ្ជាក់ថា នៅកម្ពុជា តាំងពីថ្នាក់ដឹកនាំជាតិរហូតដល់កងទ័ពជួរមុខ មានការអនុវត្តច្បាស់លាស់នៃបទបញ្ជា។ ក្នុងករណីនេះ កម្ពុជាមិនចាំបាច់ចរចារទ្វេភាគីឡើយ ព្រោះបើថៃចង់ឲ្យស្ថានភាពប្រក្រតីវិញ គ្រាន់តែបើកច្រកវិញដូចស្ថានភាពមុនថ្ងៃទី ៧ មិថុនា ជាឯកតោភាគី។ កម្ពុជានឹងបើកច្រកវិញក្នុងរយៈពេលយ៉ាងយូរប្រាំម៉ោងក្រោយនោះ។

សម្តេចបានបញ្ជាក់ថា៖ នេះជាដំណោះស្រាយសាមញ្ញសម្រាប់ថៃ ប្រសិនបើមានជំហរពិតប្រាកដចង់ឲ្យបើកច្រកព្រំដែនឡើងវិញ ដោយមិនចាំបាច់ចរចាឬខាតពេលវេលាឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles