គម្រោងធនធានទឹកកំពង់ធំ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះត្រួតពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបាន ៧៥% បម្រើវិស័យកសិកម្ម និងជីវភាពប្រជាជន

គម្រោងធនធានទឹកកំពង់ធំ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះត្រួតពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបាន ៧៥% បម្រើវិស័យកសិកម្ម និងជីវភាពប្រជាជន

(កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់នេះ គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

administrator

Related Articles