ឧក្រិដ្ឋកម្មសាយប័រ៖ ឯកឧត្តម ជា វ៉ាន់ដេត បដិសេធការចោទថៃ និងបង្ហាញការពិតពីសំបុកឧក្រិដ្ឋជន!

ឧក្រិដ្ឋកម្មសាយប័រ៖ ឯកឧត្តម ជា វ៉ាន់ដេត បដិសេធការចោទថៃ និងបង្ហាញការពិតពីសំបុកឧក្រិដ្ឋជន!

ភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ «ការឆ្លើយតបរបស់កម្ពុជាចំពោះឯកឧត្តម Prasert Jantararauangtong លើការចោទប្រកាន់ស្ដីពីឧក្រិដ្ឋកម្មសាយប័រ!


កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថ្មីៗនេះដែលឯកឧត្តម Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃបានលើកឡើង ដូចបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ការចោទប្រកាន់ថាកម្ពុជាអាចជាជម្រក “បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច” គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

កម្ពុជាមិនដែលគាំទ្រ ឬបើកផ្លូវចំពោះសកម្មភាពឧក្រិដ្ឋកម្មសាយប័រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះសុចរិតភាព តម្លាភាព និងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ ប្រឆាំង និងបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។

ឧក្រិដ្ឋកម្មសាយប័រត្រូវបានប្រព្រឹត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញនិងវិវត្តន៍ជាប្រចាំ ដែលរួមបញ្ចូលបច្ចេកវិទ្យា តួអង្គពាក់ព័ន្ធ និងមានលក្ខណៈងាយរងគ្រោះ។ ដោយសារតែឧក្រិដ្ឋកម្មប្រភេទនេះមានលក្ខណៈឆ្លងដែន ទើបធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រទាមទារឱ្យមានកិច្ចសហការ ប្រកបដោយនិរន្តរភាព ជាពិសេស រវាងរដ្ឋាភិបាលមួយទៅកាន់រដ្ឋាភិបាលមួយទៀត។ ឧក្រិដ្ឋកម្មឆ្លងដែនគឺជាបញ្ហាប្រឈមរួមគ្នា ដែលទាមទារឱ្យមានទំនួលខុសត្រូវរួម ជាជាងការកេងចំណេញនយោបាយដោយការរុញដាក់គ្នា។ អាជ្ញាធរថៃគួរតែផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មសាយប័រនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាជាងការចោទប្រកាន់គ្នាដោយមិនមានការទទួលខុសត្រូវ។

កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍អំពីទំនាក់ទំនងដ៏ស្មុគ្រស្មាញរវាងអាជ្ញាធរថៃ ជាមួយឧក្រិដ្ឋជន សាយប័រ ដែលអនុញ្ញាតឱ្យពួកទាំងនោះអាចពង្រីកប្រតិបត្តិការឆបោករបស់ខ្លូន (១)។ ប្រទេសថៃកំពុងក្លាយជាមជ្ឈមណ្ឌលរបស់មេដឹកនាំក្រុមឧក្រិដ្ឋជនសាយប័រ និងប្រតិបត្តិការឆបោកនៅតាមបណ្តាប្រទេសផ្សេងៗ (២) រួមមាន ការកៀរគរមនុស្ស ការចាប់ជំរិត និងការជួញដូរមនុស្សពីប្រទេសថៃទៅដល់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មសាយប័រទាំងនោះ ដូចជាករណីពាក់ព័ន្ធទៅនឹងតារាសម្តែងចិនឈ្មោះ Wang Xing ដែលត្រូវបានជនឆបោកជួញដូរពីអាកាសយានដ្ឋានសុវណ្ណភូមិទៅកាន់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មសាយប័រដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទេសចរណ៍ចិន (៣)។ របាយការណ៍ទាំងនេះបានគូសបញ្ជាក់ថា ប្រទេសថៃគឺជាប្រភពក្នុងការផ្តល់មធ្យោបាយឱ្យពួកឧក្រិដ្ឋជនសាយប័រធ្វើប្រតិបត្តិការឆបោកទាំងនោះឆ្លងកាត់ទៅបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ (៤)។

ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រតម្រូវឱ្យមានកិច្ចសហការនៅក្នុងតំបន់។ ប្រទេសកម្ពុជាបានសហការយ៉ាងល្អកន្លងមក និងបន្តជំរុញកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមជាមួយដៃគូក្នុងតំបន់និងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ។ វាជារឿងដ៏គួរឱ្យសោកស្ដាយបំផុតដែលនៅពេលមានភាពតានតឹងកាន់តែខ្លាំង ភាគីមួយចំនួនបានជ្រើសរើសប្រើប្រាស់យុទ្ធសាស្ត្រដែលធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពអវិជ្ជមាន ដែលគួរតែជ្រើសរើសយក ការសន្ទនាមានលក្ខណៈស្ថាបនា និងវិជ្ជមាន ក្នុងការដោះស្រាយបញ្ហាទាំងនេះ។

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចសន្ទនាដោយបើកចំហ ក្នុងន័យស្ថាបនា និងមានការស៊ើបអង្កេតច្បាស់លាស់។ កម្ពុជាសូមធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចំពោះការធ្វើសកម្មភាពណាមួយត្រូវផ្អែកលើការពិត និងជៀសវាងការស្ដាប់ព័ត៌មានក្លែងក្លាយ និងមានចរិកលក្ខណៈជានយោបាយ»។

ចំណែកឯឯកឧត្តម ប៉ែន បូណា បានថ្លែងផងដែរថា ថ្ងៃមុនមន្ត្រីថៃម្នាក់ចោទកម្ពុជា តែឥឡូវរឿងពិតកំពុងបង្ហាញថា គឺប្រទេសថៃខ្លួនឯងទេដែលជាសំបុកឧក្រិដ្ឋកម្មសាយប័រ (Cybercrime )ដ៏ធំ។
ប្រាប់ហើយថា នេះជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញដែលប្រទេសនីមួយៗត្រូវសហការគ្នាប្រយុទ្ធប្រឆាំងទើបទទួលជោគជ័យ។ កុំរវល់តែលាបពណ៌គេហើយភ្លេចមើលផ្ទះខ្លួនឯង៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles