រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការកសាងប្រាសាទសីហនគរ (Siha Nakhon) នៅក្នុងវត្តភូម៉ានហ្វា (Phu Man Fah) មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ ។
ការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដោយលោក Kensuke Nagase អនុប្រធានបេសកកម្មជប៉ុន និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ។ ដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នឹងពិនិត្យពិភាក្សាតាមដានលើកិច្ចការពារ សង្គ្រាះ និងអភិរក្សប្រាសាទបុរាណជាច្រើន នៅក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុង ទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើម នៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ ៕







