ទីក្រុងប៉េកាំង៖ បន្ទាប់ពីលោកត្រាំបញ្ជាឱ្យយោធាអាមេរិកទម្លាក់គ្រាប់បែក៦គ្រាប់ចូលរូងក្រោមដី និងបាញ់មីស៊ីបណ្ដែត៣០គ្រាប់ដាក់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីយប់មិញ មហាអំណាចចិន និងរុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មតបជាបណ្ដើរៗដោយលម្អៀងទៅខាងអ៊ីរ៉ង់។ ក្រសួងការបរទេសចិនប្រកាសនៅល្ងាចថ្ងៃអាទិត្យថ្កោលទោសជាទម្ងន់ចំពោះការវាយប្រហារនោះ។
ប្រទេសចិនយល់ថាចំណាត់ការនេះនឹងធ្វើឱ្យសភាពការណ៍នៅមជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅ។ ប្រទេសចិនសូមអំពាវនាវទៅភាគីដែលពាក់ព័ន្ធទាំងអស់ ជាពិសេសអ៊ីស្រាអែល សូមឈប់បាញ់គ្នាជាបន្ទាន់។ ប្រទេសរុស្ស៊ីក៏ប្រកាសថ្កោលទោសការវាយប្រហារនោះផងដែរ។ រុស្ស៊ីចាត់ទុកថានោះជាការរំលោភច្បាប់អន្តរជាតិផង និងរំលោភអធិបតេយ្យភាពជាតិរបស់អ៊ីរ៉ង់ផង។
ក្រសួងការបរទេសរុស្ស៊ីចេញសេចក្ដីថ្លែងការណ៍មានសេចក្ដីជាអាទិ៍ថានេះជាការសម្រេចចិត្តដែលគ្មានការទទួលខុសត្រូវទាល់តែសោះដែលវាយប្រហារដោយមីស៊ីល និងគ្រាប់បែកទៅលើរដ្ឋអធិបតេយ្យ។ រុស្ស៊ីយល់ថាទោះបីនៅក្រោមហេតុផលណាក៏ដោយ ទង្វើនេះជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ និងរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសរុស្ស៊ីក៏ព្រមានផងដែរថាការវាយប្រហារនេះហើយអាចនឹងបែកធ្លាយសារធាតុវិទ្យុកម្ម។ ប៉ុន្តែបើក្រឡេកទៅមើលរុស្ស៊ីខ្លួនឯងក៏មិនណយប៉ុន្មានដែរនៅក្នុងរឿងនុយក្លេអ៊ែរ។ រុស្ស៊ីធ្លាប់វាយប្រហារក្បែររោងចក្រនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀ និងធ្លាប់គំរាមប្រើអាវុធនុយក្លេអ៊ែរខ្នាតតូចនៅក្នុងសង្គ្រាមអ៊ុយក្រែន។ តាំងពីមុនការវាយប្រហារនេះ ត្រាំបាននិយាយដាស់តឿនថារុស្ស៊ីកុំគិតអំពីបញ្ហាអ៊ីរ៉ង់។ ត្រាំថារុស្ស៊ីគួរគិតអំពីសង្គ្រាមអ៊ុយក្រែនឱ្យបានច្រើន។
មូលហេតុដែលរុស្ស៊ីត្រូវតែចេញមុខថ្កោលទោសនៅក្នុងរឿងនេះព្រោះរុស្ស៊ីជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បន្តផ្ដល់ជាហូរហែនូវគ្រាប់មីស៊ីល និងដ្រូនអត្តឃាតម៉ាកសាហ៊ីតរាប់ពាន់គ្រឿងទុកសម្រាប់ឱ្យរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ ជាការតបស្នង រុស្ស៊ីប្រកាសគាំទ្រអ៊ីរ៉ង់បន្ទាប់ពីអ៊ីស្រាអែលចាប់ផ្ដើមវាយប្រហារកាលពីថ្ងៃទី១៣ ខែមិថុនា និងនាំទៅដល់ការបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមករហូតដល់សព្វថ្ងៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរុស្ស៊ីជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិកុំនៅស្ងៀម, ត្រូវតែធ្វើអ្វីម៉្យាង។ រុស្ស៊ីយល់ថាទង្វើដ៏ប្រទាំងប្រទើសរបស់អាមេរិក និងអ៊ីស្រាអែលគួរណាស់ទទួលរងការរិះគន់ និងបដិសេធ។
ទោះបីលោកត្រាំអះអាងថាការវាយប្រហារលើកនេះធ្វើឱ្យអ៊ីរ៉ង់រងគ្រោះយ៉ាងដំណំ ប៉ុន្តែគេមិនដឹងច្បាស់ថាតើទីតាំងនុយក្លេអ៊ែរទាំងនោះរងការខូចខាតកម្រិតណាទេ។ ទីភ្នាក់ងារអាតូមិចអន្តរជាតិថ្លែងថាគ្មានការបែកធ្លាយវិទ្យុសកម្មទេ។ ចំណែកសារព័ត៌មានអ៊ីរ៉ង់ផ្សាយថាទីតាំងទាំងនោះរងការខូចខាតត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។
មិនខុសពីជំហររបស់រុស្ស៊ីនោះទេ អ៊ីរ៉ង់ស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខរបស់ UN កោះប្រជុំជាបន្ទាន់។ ប៉ុន្តែការចេញសេចក្ដីសម្រេចណាមួយមិនដឹងថាទៅរួច ឬអត់ទេព្រោះអាមេរិកខ្លួនឯងជាអ្នកទម្លាក់គ្រាប់បែកដោយផ្ទាល់ដៃ ហើយអាមេរិកជាមហាអំណាចនៅក្រុមប្រឹក្សាសន្តិសុខទៅទៀត។ ដូចនេះ អាមេរិកនឹងបោះឆ្នោតជំទាស់មិនឱ្យចេញសេចក្ដីថ្លែងការណ៍ ឬសេចក្ដីសម្រេចបានឡើយ៕