យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឆ្លើយតបទៅនឹងការបំពារបំពានរបស់ភាគីថៃដែលតែងតែគំរាមកម្ពុជាដោយវិធានការបិទច្រកព្រំដែន គំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណេត និងវិធានការសេដ្ឋកិច្ចបិទការដោះដូរពាណិជ្ជកម្មមួយចំនួនទៀតនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំដរលេងជាមួយថៃ ដើម្បីការពារមុខមាត់ជាតិ។
ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជាមិនមែនជាអ្នករករឿងថៃមុនទេ កម្ពុជាចង់ឱ្យភាគីទាំងពីរមានទំនាក់ទំនងល្អ ព្រំដែនបើកដំណើរធម្មតា។ ផ្ទុយទៅវិញ បើថៃនៅតែបន្តរំលោភបំពានមកលើកម្ពុជា កម្ពុជានឹងឆ្លើយតបដោយមិនមានការរួញរានោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«កម្ពុជាមានភាពទន់ភ្លន់របស់យើង ប៉ុន្តែបើអ្នកឯងបំពាន យើងត្រូវតែឆ្លើយតប ហើយយើងមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងដាក់វិធានការដើម្បីការពារមុខមាត់ជាតិ អធិបតេយ្យភាពជាតិ»។
សូមរម្លឹកជូនថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ តាមពីក្រោយភាគីថៃប៉ុណ្ណោះ ដូចជា ការបិទព្រំដែនជាដើម ហើយចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបិទការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ថៃ ដែលចង់ឈប់លក់ប្រេងឥន្ធនៈនិងឧស្ម័នឱ្យកម្ពុជាកន្លងមក៕
ប្រភព៖ ក្រសួងព័ត៌មាន