រាជធានីភ្នំពេញ ៖ ឃាតកម្មមួយដែលបានកើតឡើងនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៧និង១០នាទីយប់ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ហុង ថន ហៅធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរស្លាប់នៅកន្លែងកើតហេតុ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ សារិន ភេទប្រុស អាយុ៤១ឆ្នាំ ។

ក្រោយមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមដានស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

លុះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពយកផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ហុង ថន ហៅធុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន ។ មូលហេតុដោយសារតែជនរងគ្រោះស្រវឹងស្រា រួចប្រើពាក្យសម្តីមិនសមរម្យមកលើខ្លួន ហើយយកកាំបិតបុ័ងតោកាប់មកលើខ្លួនឲ្យរបួសត្រង់ផ្ទៃមុខ និងដៃ ទើបធ្វើឲ្យខ្លួនមានការខឹង ហើយធ្វើសកម្មភាពខាងលើតែម្តង ។

បន្ទាប់ពីបានសាកសួររួច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីអនុវត្តនីតិវិធីបន្ត ៕
