យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ នេះបើយោងតាមសេចក្តីជូនដំណឹងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។
តាមអ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា ការជូនដំណឹងនេះ បានធ្វើឡើងដោយផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ ក្រសួងក៏បានណែនាំដល់ពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសថៃ ប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានាដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។
តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងករណីប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទ មានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
-ផ្នែកកុងស៊ុល៖ 02 957 5851 / 092 805 0561
-ផ្នែកអនុព័ន្ធការងារ៖ 083 545 7788 / 092 299 0133
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ –
ផ្នែកកុងស៊ុល៖ 062 089 8918
-ផ្នែកអនុព័ន្ធការងារ៖ 080 810 5505 ៕
ប្រភព៖ ក្រសួងព័ត៌មាន