ខេត្តកំពង់ចាម ៖ ក្នុងពេលខ្វះកម្លាំងពលកម្ម និងការពង្រីកការវិនិយោគវិស័យកសិកម្មនៅខេត្តកំពង់ចាម ម្ចាស់ក្រុមហ៊ុន ឡុង ស្រេង បានអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ពេលវិលត្រឡប់មកស្រុកវិញ មកធ្វើការងារនៅទីនេះជាមួយប្រាក់ខែសមរម្យ ជាមួយគ្នានេះក៏បានអំពាវនាវឱ្យអ្នកមានធនធានច្រើនមកវិនិយោគវិស័យកសិកម្មនៅទីនេះផងដែរ ។

លោក យ៉ង់ ចាន់ធូ ប្រធានក្រុមកម្មករចម្ការកៅស៊ូ ដែលមានសមាជិកក្រុមចំនួន ២៦នាក់ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះបានឱ្យដឹងថា លោកបានមកធ្វើការនៅចម្ការកៅស៊ូនេះរយៈពេលជាង ៧ ឆ្នាំមកហើយ ដោយទទួលបានប្រាក់ខែសមរម្យ ។ លោកបន្ថែមថា កម្មករចៀរ ជ័រកៅស៊ូនៅបឹងកេត នេះមានប្រាក់ចំណូលពី ១,៣០០,០០០ រៀល ដល់ ១,៥០០,០០០ រៀល ក្នុងមួយខែ ។ ជាមួយគ្នានេះលោក យ៉ង់ ចាន់ធូ ក៏បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលធ្លាប់ធ្វើការនៅប្រទេសថៃ ពេលវិលត្រឡប់មកស្រុកវិញអាចមករកការងារធ្វើនៅទីនេះ ដោយក្រុមហ៊ុនមាន ដីចម្ការកៅស៊ូជាង ៧,០០០ ហិកតា ស្ថិតនៅឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយកំពុងត្រូវការកម្លាំងកម្មករបន្ថែម ។

អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រហ៊ុនចម្ការកៅស៊ូ បឹងកេត នៅថ្ងៃដដែលនេះក៏បានលើកទឹកចិត្តអ្នកមានធនធានច្រើនមកវិនិយោគចម្ការកៅស៊ូនៅបឹងកេត ក្នុងខេត្តកំពង់ចាម បន្ថែមទៀត ដែលបច្ចុប្បន្ននៅសល់ដីច្រើន ហើយនៅឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៨ អាចត្រូវការពង្រីកផ្ទៃដីកាន់តែធំ ជាមួយគ្នានេះក៏ត្រូវការកម្លាំងពលកម្មកាន់តែច្រើនផងដែរ ។

អ្នកឧកញ៉ា បានអំពាវនាវដល់យុវជនដែលចង់រកការងារធ្វើ ឱ្យមកទីនេះដោយផ្តល់ប្រាក់ខែសមរម្យ និងមានកន្លែងស្នាក់នៅ ទឹក ភ្លើង ប្រើដោយឥតគិតថ្លៃ ។ ជាមួយបទពិសោធន៍ជិត ២០ ឆ្នាំ ក្នុងវិស័យកសិកម្ម អ្នកឧកញ៉ា ហេង ឡុង ក៏បានអំពាវនាវឱ្យអ្នកវិនិយោគក្នុងស្រុក បង្វែរចិត្តមកវិនិយោគក្នុងវិស័យនេះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងបង្កើតឱកាសការងារច្រើនសម្រាប់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឡុង ស្រេង ស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ការកៅស៊ូ ចម្ការចេក ចម្ការទុរេន ចម្ការក្រូច និងចម្ការផ្សេងៗទៀត ព្រមទាំងរោងចក្រកៅស៊ូ រោងចក្រក្រដាស និងរោងចក្រជី ដែលចម្ការ និងរោងចក្រទាំងនេះត្រូវការកម្លាំងពលកម្មក្នុងស្រុកជាច្រើនពាន់នាក់បន្ថែមទៀត ។ នេះជាឱកាសល្អសម្រាប់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ អាចស្វែងរកការងារធ្វើនៅក្នុងស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស ៕




