យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ចាប់តាំងពីមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃរហូតមកដល់នេះ ទោះបីជាមិនមានការនាំចូលផលិតផលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃមកកាន់កម្ពុជាក្តី ក៏គេសង្កេតឃើញថា អាជីវករលក់ដូរនៅផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅតែមានបន្លែផ្គត់ផ្គង់គ្រប់គ្រាន់ដល់គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ហើយជាបន្លែសរីរាង្គ ធម្មជាតិដែលផលិតដោយកសិដ្ឋាន និងកសិករខ្មែរផ្ទាល់។
សព្វថ្ងៃអាជីវករភាគច្រើនដែលលក់បន្លែផ្លែឈើនៅក្នុងផ្សារ ភូ ពុយ កណ្ដាលក្រុងបាត់ដំបង គឺលក់ដូរដំណាំកសិករផលក្នុងស្រុក បើទោះបីជាមិនមានការនាំចូលបន្លែផ្លែឈើពីប្រទេសថៃក៏ដោយ ក៏ការផ្គត់ផ្គង់តម្រូវការខ្លួនឯងគ្រប់គ្រាន់ និងនាំទៅកាន់ខេត្តផ្សេងទៀតមួយចំនួនផងដែរ។ នៅផ្សារបន្លែ ភួ ពុយ មានផ្គត់ផ្គង់បន្លែផ្លែឈើជាច្រើនមុខ ដូចជា ទុរេន សាវម៉ៅ ចេកណាំវ៉ា ខាត់ណា ស្លឹកខ្ទឹម ល្ហុង ប៉េងបោះ ម្ទេស ស្ពៃ ម្អម ជីក្រហម ម្រះព្រៅ ជីរណា ល្ពៅ ៘ គឺជាបន្លែក្នុងស្រុកទាំងអស់ដែលដឹកយកមកពីតាមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង។
លោក សន មករា ជាអាជីវករលក់បន្លែបោះដុំនៅក្នុងផ្សារ ភូ ពុយ បានលើកឡើងថា ជាការពិតបើប្រមុខរាជរដ្ឋាភិបាលបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ យ៉ាងដូច្នេះគឺពិតជាល្អប្រសើរខ្លាំងណាស់សម្រាប់កសិករខ្មែរយើង ព្រោះនៅក្នុងស្រុកក៏មិនខ្វះបន្លែផ្លែឈើសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនោះឡើយ។ ហើយម្យ៉ាងវិញទៀតនៅពេលបច្ចុប្បន្នបន្លែផ្លែឈើក៏ចាប់ផ្ដើមមានទីផ្សារល្អផងដែរ ដោយសារតែប្រជាពលរដ្ឋយល់និងចាប់ផ្ដើមងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានតម្លៃថោកសមរម្យ មិនមានគីមី មិនប៉ះពាល់សុខភាព។
អ្នកស្រី គួន ចន្ទសិរី ជាអាជីវករបោះដុំបន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ ដែលមកប្រមូលទិញបន្លែទៅបោះបន្តបានឱ្យដឹងថា កាលពីមុនអ្នកស្រីទិញបន្លែសម្រាប់បោះឱ្យហាងធំៗ និងផ្លែឈើច្រើនមុខពីផ្សារថៃដែលគេដឹកតាមច្រកប៉ោយប៉ែតទៅឱ្យដល់ភ្នំពេញ។ ពេលបិតច្រកដំបូងអ្នកស្រីបារម្ភខ្លាចបាត់មុខរបរ តែពេលនេះបន្លែមួយចំនួនធំមាននៅបាត់ដំបងហើយតម្លៃថោកជាងបន្លែថៃ ប៉ុន្តែមិនសូវមានសោភ័ណភាពព្រោះកសិករយើងមិនប្រសព្វវេចខ្ចប់។ អាជីវករ ក៏ដូចជាកសិករទិញលក់បន្លែផ្លែឈើបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងទៅលើបទបញ្ជារបស់សម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ដែលបានដាក់ផែនការតបទៅភាគីថៃយ៉ាងទាន់ពេលវេលាក្រោយពីភាគីយោធាថៃ បានបិទច្រកព្រំដែនកម្ពុជាដោយឯកតោភាគី ដូច្នេះបច្ចុប្បន្នប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងអាចផ្គត់ផ្គង់ខ្លួនឯងបានមិនខ្វះបន្លែផ្លែឈើសម្រាប់បរិភោគឡើយហើយជាផលិតផលមិនមានសារធាតុគីមីទៀតផង ៕
ប្រភព៖ ក្រសួងព័ត៌មាន