អារ៉ាប់រួម៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅលើពិភពលោកកំពុងពិចារណាលុបចោលជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ គួរកត់សម្គាល់ថា ភ្លាមៗក្រោយកងកម្លាំងអាមេរិកវាយប្រហារអ៊ីរ៉ង់គឺមានជើងហោះហើរមួយចំនួនត្រូវបានលុបចោលភ្លាមៗរួចទៅហើយ ដោយមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពលើដែនអាកាស។
យ៉ាងណាក្តី ក្រោយការវាយប្រហារបានស្ងប់បន្តិចក៏មានជើងហោះហើរមួយចំនួនទៅកាន់តំបន់មជ្ឈិមបូព៌ាផ្តើមដំណើរឡើងវិញ តែជើងហោះហើរទាំងនោះបានសម្រេចប្តូរផ្លូវហោះហើរនិងប្តូរកន្លែងចុះចតជាដើម។ បើទោះជាយ៉ាងនេះក៏ដោយចុះ ក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍នៅតែបន្តមានការព្យួយបារម្ភជុំវិញបញ្ហានេះដដែល ដ្បិតបើផ្អែកទៅលើស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គឺការវាយប្រហារតាមដែនអាកាសអាចនឹងបន្តកើតមានឡើងជាថ្មីម្តងទៀត ខណៈគេក៏មិនអាចព្យាការណ៍ទុកបានជាមុនដែរ។ សូមបញ្ជាក់ជូនថា ការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរតាមដែនអាកាសនេះបានចាប់ផ្តើមកើតមានចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនាម្លេះ ពោលគឺជាថ្ងៃដែលអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time