ស សុខា បញ្ជាក់៖ ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន វិនិយោគទីតាំងបន្សាប និងកិច្ចសហប្រតិបត្តិការពហុភាគី ជាអាទិភាព

ស សុខា បញ្ជាក់៖ ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន វិនិយោគទីតាំងបន្សាប និងកិច្ចសហប្រតិបត្តិការពហុភាគី ជាអាទិភាព

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធ ចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជាកម្មសិទ្ធិផ្ដាច់មុខរបស់អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។

ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ពីភាពចាំបាច់នៃការគាំទ្រ ក៏ត្រូវការការចូលរួមពីវិស័យឯកជន តាមរយៈការវិនិយោគបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទា។ ឯកឧត្តម បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋ ក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ តាមរយៈការដាក់ចេញនូវនយោបាយ និងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជា៖ ការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សំភារៈគាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ ដែលមានប្រភពផ្គត់ផ្គង់មកពីវិស័យឯកជន។

ទន្ទឹមគ្នានិងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដ្បិតបញ្ហាគ្រឿងញៀន ជាបញ្ហាសាកល និងជាបញ្ហាដែលរីកសាយភាយមកកម្ពុជាពីបណ្ដាប្រទេសខាងក្រៅ។ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ឯកឧត្តម បានលើកឡើងពីភាពចាំបាច់នៃកាក់អនុវត្តច្បាប់ដោយគ្មានការលើកលែង ទន្ទឹមនឹងការអនុវត្តពាក្យស្លោក ៣កុំ ១រាយការណ៍ ព្រមទាំងការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន។

ពាក់ព័ន្ធនឹងក្របខ័ណ្ឌអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយន្តការជាក់ស្ដែងបន្ថែមលើការប្ដេជ្ញាចិត្តដ៏មុះមត់ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការជាមួយនគរបាលអន្តរជាតិ ជាពិសេសក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយភ្ជាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើលាងសម្អាតប្រាក់ និងអំពើជួញដូរអាវុធមហាប្រល័យទៀតផង។

ជាលទ្ធផល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកយកករណីដែលកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកកិច្ចប្រតិបត្តិការដោយរួមបញ្ចូលការប្រើសត្វសុនខ ដើម្បីបង្ក្រាបគ្រឿងញៀនជាច្រើនរយគីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលកន្លងមក ការបង្ក្រាបទីតាំងកែច្នៃក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងការបង្ការ ទប់ស្កាត់ ការប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជាឆ្ពោះទៅកាន់ប្រទេសទី៣ ឬក្រៅតំបន់ ដែលកិច្ចការងារនេះ សុទ្ធតែជាការរួមចំណែកដើម្បីសុខកុមាលភាពមនុស្សជាតិលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles