(ខេត្តកោះកុង)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង បានរៀបចំបញ្ចូនពលករខ្មែរចំនួន ៣៤នាក់ ទៅបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្រោយត្រឡប់មកពីប្រទេសថៃ។
មន្ទីរព័ត៌មានខេត្តកោះកុង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលខេត្ត និងមន្ទីរជំនាញក្នុងខេត្តកោះកុង បានរៀបចំបញ្ចូនពលករខ្មែរចំនួន ៣៤នាក់ មកពីប្រទេសថៃទៅទទួលការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ឆ្លើយតបនឹងការតម្រូវការកម្លាំងពលកម្មក្នុងស្រុក។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព្រឹកនេះ រដ្ឋបាលខេត្តបានជូនដំណើរក្រុមពលករខ្មែរ ៣៤នាក់ ដែលត្រឡប់មកពីថៃទៅតំបន់សេដ្ឋកិច្ចចេជាង និងតំបន់សេដ្ឋកិច្ចពិសេស ស្រុកមណ្ឌលសីមា បន្ទាប់ពីស្វែងរកការងារដោយមិនចង់បន្តធ្វើការនៅប្រទេសថៃទៀតនោះ ស្របពេលបញ្ហាព្រំដែនមិនសូវល្អរវាងកម្ពុជា និងថៃ។
លោកអភិបាលរងខេត្ត បានបន្តថា ក្នុងចំណោម ៣៤នាក់នោះ មាន២នាក់ចូលបម្រើការងារផ្នែកកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេស ស្រុកមណ្ឌលសីមា ក្រៅពីនេះពួកគាត់ចាប់អារម្មណ៍ការងារធ្វើគ្រឿងសង្ហារឹម ហើយបច្ចុប្បន្នតំណាងតំបន់សេដ្ឋកិច្ចទាំង២ខាងលើ បានទទួលស្វាគមន៍ពលករខ្មែរយើងចូលស្នាក់នៅ និងធ្វើការរួចរាល់អស់ហើយ។
បើតាមលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បង្ហាញថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីថៃ និងមកស្វែងរកការងារធ្វើនៅខេត្តកោះកុង គឺពួកគាត់មកពីខេត្តកំពត កណ្តាល សៀមរាប កំពង់ឆ្នាំង បាត់ដំបង ព្រៃវែង កែប ភ្នំពេញ កំពង់ចាម ពោធិសាត់ ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
តំណាងពលករខ្មែរដែលត្រឡប់មកពីថៃ បានឱ្យដឹងថា ស្ថានភាពតឹងតែងនៅព្រំដែនបានធ្វើឱ្យជនជាតិ និងចៅកែថៃ មានការរើសអើងពលករខ្មែរយ៉ាងខ្លាំង ហើយថែមទាំងមិនបើកប្រាក់ខែឱ្យក្រោមហេតុនេះហេតុផលនោះ ទើបធ្វើឱ្យពួកគាត់សម្រេចវិលត្រឡប់មកស្រុកកំណើតវិញ។ នៅពេលពួកគាត់រកការងារ និងមានចំណូលសមរម្យជាងថៃក្នុងភូមិសាស្រ្តខេត្តកោះកុង គឺមិនចំណាកស្រុកទៅថៃទៀតនោះទេ។
សព្វថ្ងៃនេះ អាជ្ញាធរមន្រ្តីពាក់ព័ន្ធរបស់ខេត្តកោះកុង កំពុងតែផ្តោតការយកចិត្តទុកដាក់រៀបចំកន្លែងស្នាក់នៅ ហូបចុក សេវាផ្នែកសុខាភិបាល និងសម្ភាសន៍ការងារបន្ថែមដល់គោលបំណងរបស់ពួកគាត់ចង់ស្វែងរកការងារនីមួយៗចង់ធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត ក្នុងស្រុកមណ្ឌលសីមា និងនៅតំបន់សេដ្ឋកិច្ចពិសេស ចេជាំង នៅស្រុកស្រែអំបិល។ បច្ចុប្បន្នខេត្តកោះកុង ត្រូវការកម្លាំងពលកម្មជាង ៧.០០០ពាន់កន្លែង ដែលរង់់ចាំទទួលពលរដ្ឋ និងពលករខ្មែរចូលបម្រើការងារ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង