រកឃើញពងក្រពើភ្នំ៖ ៤៣គ្រាប់បន្ថែមទៀតនៅឧទ្យានជាតិជួរភ្នំក្រវាញឆ្នាំ២០២៥

រកឃើញពងក្រពើភ្នំ៖ ៤៣គ្រាប់បន្ថែមទៀតនៅឧទ្យានជាតិជួរភ្នំក្រវាញឆ្នាំ២០២៥

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ កាលពីឆ្នាំ២០២៤ ចំនួន​៦៥គ្រាប់​ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។

ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញរបស់យើង និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ។

ក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំចុងក្រោយនេះបង្ហាញពីភាពជោគជ័យនៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់សត្វក្រពើធម្មជាតិហើយផ្តល់នូវក្តីសង្ឃឹមសម្រាប់ការកើនឡើងនៃប្រភេទនេះនៅក្នុងធម្មជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles