ជប៉ុន៖ ប្រទេសជប៉ុនបានបាញ់សាកល្បងមីស៊ីលក្នុងដែនដីរបស់ខ្លួនជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ មីស៊ីលដែលជប៉ុនបានបាញ់សាកល្បងនោះគឺមីស៊ីល Type-88 ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់ចេញពីលើដីទៅកម្ទេចនាវានៅលើផ្ទៃសមុទ្រ។
បើតាមកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះបានរៀបចំឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះហុកកៃដូ ហើយវាក៏ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលពិសេសទៅកាន់ក្រុមយោធាជើងគោកផងដែរ។ ប្រភពខាងលើបានបន្តថា ជោគជ័យនៃការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើនក្នុងវិស័យការពារជាតិ និងការពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបនឹងការគំរាមគំហែងរបស់ចិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time