លោក Pierre Vincent ទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថានទូតបារាំង និងជាសហប្រធានកិច្ចប្រជុំបច្ចេកទេស ICC Angkor និងសំបូរព្រៃគុក បានថ្លែងថា ប្រធានាធិបតីប្រទេសបារាំងលោក Emmanuel Macron នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការអន្ដរជាតិមួយ ព្រមទាំងធ្វើទស្សនកិច្ចក្នុងខេត្ដសៀមរាប នាពេលខាងមុខនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកជំនាញនឹងបង្ហាញពីសមិទ្ធផលការងងារ ការអភិរក្ស និងជួសជុលប្រាសាទបុរាណរបស់កម្ពុជា រួមមាន ប្រាសាទមេបុណ្យខាងលិច ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១២កន្លងមក និងប្រាសាទបាពួនដែលបានជួសជុលរួច និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញដោយនាយករដ្ឋមន្ដ្រីបារាំងកាលពីឆ្នាំ២០១១ កន្លងមក ហើយនឹងបង្ហាញពីការប្រើប្រាស់ភាសាបារាំងនៅក្នុងកិច្ចប្រជុំអាយស៊ីស៊ីអង្គរផងដែរ។ សហប្រធាន លោក Pierre Vincent បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៃកិច្ចប្រជុំ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ៕

