ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតតំបន់ប៉ែកនិរតី នៃប្រទេសចិន។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ៨០,៩០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ជាងនេះទៅទៀត ទឹកជំនន់បានបណ្តាលឱ្យស្ពានដែលជាផ្លូវឆ្លងកាត់ទន្លេដ៏សំខាន់មួយត្រូវបាក់ស្រុតទាំងស្រុង ហើយការបាក់ស្ពានដ៏សំខាន់នេះក៏កំពុងបង្កឱ្យមានបញ្ហាមួយចំនួនក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួនផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia