ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ ប្រយ័ត្ន! ការវាយប្រហារសាយប័រលើប្រព័ន្ធអនឡាញកម្ពុជាកំពុងកើនឡើងខ្លាំង

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ ប្រយ័ត្ន! ការវាយប្រហារសាយប័រលើប្រព័ន្ធអនឡាញកម្ពុជាកំពុងកើនឡើងខ្លាំង

ភ្នំពេញ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជម្រាបជូនក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ.បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។


ក.ប.ទ. សូមក្រើនរម្លឹកនិងជម្រាបជូន ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។ សូមពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ។
កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់សារធារណជនឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនអំពីការវាយប្រហារ ឬនិន្នាការឆបោកថ្មីតាមរយៈអ៊ីនធឺណិត និងបណ្តាញសង្គមផ្សេងៗ។ ចំពោះព័ត៌បន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមានគេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយផ្នែកបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០៧០ ៣៩៤ ៩១៨ / ០៩៩ ២៥៨ ៩៩៩។

ក.ប.ទ. សូមអំពាវនាវសាជាថ្មីដល់ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារ​សាយប័រដែលកំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នេះ៕ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles