World Cup 2026: FIFA ប្រឈមសំណួរធំជុំវិញវត្តមានអ៊ីរ៉ង់នៅអាមេរិកជាសហម្ចាស់ផ្ទះ

World Cup 2026: FIFA ប្រឈមសំណួរធំជុំវិញវត្តមានអ៊ីរ៉ង់នៅអាមេរិកជាសហម្ចាស់ផ្ទះ

អន្តរជាតិ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ហៅ​កាត់​ថា FIFA កំពុង​តែ​ប្រឈម​មុខ​នឹង​សំណួរ​ថ្មី​អំពី​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ជាមួយនឹង​បញ្ហា​វត្តមាន​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ ដ្បិត​ប្រទេស​មួយ​នេះ​មាន​ជម្លោះ​ជាមួយ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​សហ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​ក្រោយ​។

របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​កាសែត​ចក្រភព​អង់គ្លេស The Guardian កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា មិន​មាន​បទ​ប្បញ្ញត្តិ​ណាមួយ​នៅ​ក្នុង​បទ​ប្បញ្ញត្តិ​របស់ FIFA ក្នុង​ការ​រារាំង​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​ពី​ការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ បើ​ទោះបីជា​ប្រទេស​នេះ រង​នូវ​សកម្មភាព​ពី​យោធា​រដ្ឋបាល​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ព្រមទាំង​ពលរដ្ឋ​អ៊ី​រ៉​ង់​ស្ថិត​ក្រោម​បម្រាម​មិន​ឱ្យ​ចូល​ទឹកដី​អា​មេ​រិ​ក​យ៉ាងណា​ក៏​ដោយ​។ ការ​ហាមប្រាម​នេះ​មានការ​លើកលែង ដែល​អាច​អនុវត្ត​ចំពោះ​កីឡាករ បុគ្គលិក ឬ​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦​។


ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ ធ្លាប់​ប៉ះ​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក​ក្នុង​វគ្គ​ចែក​ពូ​ល World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កា​តា ដ្បិត​អ៊ី​រ៉​ង​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ដោយ​បាន​កក់​កៅអី​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ​ក្រោយ​រួច​ស្រេច និង​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា​របស់​ពួក​គេ​។

ការ​ប្រកួត World Cup ឆ្នាំ​២០២៦ ប្រទេស​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក គឺជា​សហ​ម្ចាស់​រួម​ជាមួយ​អា​មេ​រិ​ក ដូច្នេះ​ប្រសិនបើ​ចង់​បញ្ជៀ​សភាព​តានតឹង​ខ្លាំង​អំឡុង​ការ​ប្រកួត​នោះ មាន​តែ​នៅ​ក្នុង​ពូ​ល A ប៉ុណ្ណោះ​ដែល​អាច​ឱ្យ​អ៊ី​រ៉​ង់​ជៀសវាង​ការ​ប្រកួត​ទល់​នឹង​អា​មេ​រិ​ក ជាមួយនឹង​ការ​ប្រកួត​របស់​ពួក​គេ​ធ្វើ​ឡើង​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក​។ ជា​បន្តបន្ទាប់ បើ​អ៊ី​រ៉​ង់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ពួក​គេ​នឹង​អាច​បន្ត​ប្រកួត​លើ​ទឹកដី​ម៉ិ​ក​ស៊ិ​ក សម្រាប់​ការ​ប្រកួត​វគ្គ​៣២ និង​១៦​ក្រុម​ចុង​ក្រោយ​។ ដរាបណា​ពួក​គេ​ឡើង​វគ្គ​បន្តបន្ទាប់​ទៀត នោះ​ពួក​គេ​នឹង​ត្រូវ​ប្រកួត​នៅ​ទឹកដី​អា​មេ​រិ​ក ព្រោះ​ចាប់ពី​វគ្គ​៨​ក្រុម ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវធ្វើ​ឡើង​នៅ​ទឹកដី​អា​មេ​រិ​ក​។

FIFA កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​ពី​កាសែត The Guardian ជុំវិញ​វត្តមាន​អ៊ី​រ៉​ង់​នៅ World Cup ឆ្នាំ​២០២៦ នៅឡើយ​ទេ ហើយ​ក្បាលម៉ាស៊ីន​បាល់ទាត់​ពិភពលោក​ទំនង​នឹង​កំពុង​ពិចារណា​លើ​ជម្រើស​របស់​ខ្លួន​ឱ្យ​បាន​មុន​ការ​ប្រកួត World Cup ឆ្នាំ​ក្រោយ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ហើយ​ការ​សម្រេច​របស់ FIFA អាច​ធ្វើ​ឡើង​មុន​បំណាច់​ឆ្នាំ​២០២៥​។

ការ​សម្រេចចិត្ត​នេះ នឹង​ក្លាយជា​ការ​សម្រេច​ដ៏​លំបាក​មួយ​សម្រាប់​ប្រធាន FIFA លោក Gianni Infantino ដែល​បាន​ភ្ជាប់​ខ្លួន​របស់​គាត់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក ត្រាំ ដែល​ជា​អ្នក​អនុញ្ញាត​ឱ្យ​មានការ​ប្រើប្រាស់​គ្រាប់បែក​អា​មេ​រិ​ក​ទម្លាក់​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ លោក Infantino និង​ក្រុមប្រឹក្សា FIFA នឹង​មានការ​ពិភាក្សា​ចុង​ក្រោយ​មួយ​ស្តី​ពី​ការ​រៀបចំ ប៉ុន្តែ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​របស់ FIFA ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានការ​បញ្ចូល​បន្ថែម​ទៀត​សម្រាប់​ដំណើរការ​ប្រកួត​។ គណៈកម្មាធិការ​នេះ​ក៏​មាន​សមាជិក​មក​ពី​ប្រទេស​កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​អ៊ី​រ៉​ង់ ព្រមទាំង​លោក Aleksander Ceferin ដែល​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ផង​ដែរ​។

នៅ​ឆ្នាំ​២០២២ UEFA ធ្លាប់​បាន​ប្រកាស​ថា អ៊ុយ​ក្រែ​ន និង​បេឡា​រុស​នឹង​ត្រូវ​ប្រកួត​ដាច់​ដោយឡែក​ពី​គ្នា អំឡុង​ការ​ប្រកួត​ជម្រុះ​ទ្វីបអឺរ៉ុប បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​សកម្មភាព​របស់​ប្រ​ធានា UEFA អាច​ជា​ឧទាហរណ៍​ល្អ​មួយ​សម្រាប់ FIFA អនុវត្ត​តាម​នៅ​ព្រឹត្តិការណ៍​ឆ្នាំ​២០២៦៕ ប្រភព ៖ The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles