ច្រកព្រំដែនដូង: ថៃបើកទ្វារធំចំហ ប៉ុន្តែហាមឃាត់ការឆ្លងកាត់នៅបាត់ដំបង – ល្បិចកលដើម្បីចោទប្រកាន់កម្ពុជា

ច្រកព្រំដែនដូង: ថៃបើកទ្វារធំចំហ ប៉ុន្តែហាមឃាត់ការឆ្លងកាត់នៅបាត់ដំបង – ល្បិចកលដើម្បីចោទប្រកាន់កម្ពុជា

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថៃបើកទ្វារព្រំដែនធំចំហទាំងអស់នៅច្រកអន្តរជាតិដូង ជាប់ស្រុកកំរៀងខេត្តបាត់ដំបង ប៉ុន្តែហាមឃាត់ការឆ្លងកាត់។

បើតាមមន្រ្តីស្នាក់ការច្រកព្រំដែនអន្តរជាតិដូងបានឱ្យដឹងថា កាលពីម៉ោង ៨ព្រឹក នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ភាគីថៃបានបើកច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដោយឯកតោភាគី ប៉ុន្តែហាមឃាត់មិនឱ្យឆ្លងកាត់តាមធម្មតានោះទេ លើកលែងតែពលករខ្មែរត្រឡប់ពីប្រទេសថៃ វិលចូលកម្ពុជាវិញ។ការបើកច្រកទ្វារ តែមិនឱ្យឆ្លងកាត់នេះគឺជាល្បិចដើម្បីឱ្យអ្នកសារព័ត៌មានថៃផ្សព្វផ្សាយបំភាន់ ដើម្បីចោទប្រកាន់ថាកម្ពុជាអ្នកបិទ ចំណែកខាងថៃអ្នកបើកច្រកទ្វារទៅវិញ។

លោក ខុង យ៉ាត់លួងប្រធានទីស្នាក់ត្រូតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥នេះភាគីថៃបានបើកច្រកទ្វារធំរបស់ខ្លួនចំហទាំងអស់ដោយឯកតោភាគី ប៉ុន្តែមិនឱ្យដំណើរការចេញចូលនោះទេ គឺអនុញ្ញាតិបានត្រឹមតែពលករត្រឡប់ចូលកម្ពុជាវិញ អ្នកជំងឺ និងកុមារជាសិស្សសាលាប៉ុណ្ណោះ ។លោកថាការបើកទ្វារចំហរប៉ុន្តែមិនឱ្យដំណើរការប្រក្រតីធម្មតាឡើងវិញនេះ គឺជាល្បិចដើម្បីថតផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថាជាអ្នកបិទ ចំណែកខ្លួនជាអ្នកបើកច្រកទ្វារ ។

បើតាមមន្រ្តីស្នាក់ការផ្សេងទៀតក្នុងភូមិសាស្រ្តខេត្តបាត់ដំបងឱ្យដឹងថា ថៃបានប្រើរូបភាពខាងលើនេះ អនុវត្តន៍ដូចគ្នានៅច្រកទ្វារព្រំដែនថៃទល់មុខគ្នានឹងច្រកអន្តរជាតិភ្នំដីស្រុកសំពៅលូន និងច្រកទល់មុខគ្នានឹងច្រកទ្វារតំបន់ព្រំដែនអូររំដួល និងច្រកទ្វារថៃ ទល់មុខគ្នាច្រកទ្វារតំបន់អូរអន្លក់របស់កម្ពុជាគឺភាគីថៃបើកទ្វារច្រករបស់ខ្លួនទាំងអស់ដូចគ្នាដែរ នាម៉ោង ៨ព្រឹក នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ។

លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ ខាងថៃប្រើល្បិចកលដូចគ្នាតាមបណ្តាច្រកព្រំដែនទល់មុខគ្នានឹងខេត្តបាត់ដំបង គឺគ្រាន់តែបើកច្រកទ្វារព្រំដែនដើម្បីថតផ្សាយ ថាថៃជាអ្នកបើកច្រក ចោទកម្ពុជាថាអ្នកបិទ ប៉ុន្តែធាតុពិតថៃបើកច្រកតែមិនឱ្យចេញចូលធម្មតានោះទេ ចំណែក ជំហ រាជរដ្ឋាភិបាលកម្ពុជាដាច់ខាតមិនអាចធ្វើដូចថៃបិទបើកៗ តាមចិត្តខ្លួននឹកឃើញនោះទេ។ ជំហកម្ពុជា បិទគឺបិទហើយលើកលែងតែពលករត្រឡប់មកស្រុកវិញ អ្នកជំងឺឈឺធ្ងន់ និងសិស្សសាលាឆ្លងកាត់ទៅវិញទៅមកប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២៥ ភាគីថៃបានបើកច្រកទ្វារព្រំដែនក្នុងខេត្តឧត្តរមានជ័យ ប៉ុន្តែមិនឱ្យឆ្លងកាត់ គ្រាន់តែបើកដើម្បីថតរូបភាពផ្សព្វផ្សាយបំភាន់ ថាខ្លួនជាអ្នកបើក និងចោទកម្ពុជាជាអ្នកបិទច្រកទ្វារទៅវិញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសរសេរលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមកាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ថា សូមសាធារណជនជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។

បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ និង ឬ ថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថាខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ។ កុំបើកចំហរតែទ្វារដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពុល ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles