ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធ ផលដ៏វិសេស វិសាលដែលយើងសម្រេចបានមកយ៉ាងលំបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។
សម្ដេចតេជោបានបន្ដថា ប៉ុន្តែសន្តិភាពនៅមានការគំរាមកំហែងនៅឡើយពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ ពោរពេញ ដោយកំហឹង ការភាន់ច្រឡំ និងភាពសម្លប់ សំដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយ ហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖”«ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គម កម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ»។
សម្ដេចតេជោបានគូសបញ្ជាក់ថា ៖«ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ថែមទៀតថា ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវ បញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ»៕
