រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយណាស់ ចំពោះអនាគតប្រជាពលរដ្ឋ សូមរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត ។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥ និងបញ្ចូល សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។
ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង៥៧៧រូបនេះ ធ្វើឡើងដោយយោងទៅតាមការស្នើសុំរបស់សាខាគណ បក្ស ភ.ព៨, ភ.ព១១, ភ.ព១២, ភ.ព១៣, ភ.ព១៤, ភ.ព១៦, ភ.ព១៨, ភ.ព១៩, ភ.ព២១,ភ.ព២៣, ភ.ព២៤ និងភ.ព២៥ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បងប្អូនទាំង៥៧៧រូប ពិតជាមានសំណាងណាស់ ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា លើកទី៧៤។ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់ សម្រាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិបានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
លោក ឃួង ស្រេង បានបន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នា នៅតាមព្រំដែនរវាងកម្ពុជា និងថៃ ទើបយើងបានដឹង និងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែន តែជាមួយការឈ្លានពានពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត ។
លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបន្តទៀតថា ថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគត់ប្រជាពលរដ្ឋ។ សូមបងប្អូន ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ និងការពារដាច់ខាត ការពារបូរណភាពទឹកដីឱ្យបានគង់វង់ ៕




