រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់បានជិះម៉ូតូកង់៣ចេញពីមន្ទីរពេទ្យ ក្នុងគោលបំណងទៅផ្ទះ ហើយក៏បានដាច់ខ្យល់ស្លាប់លើកង់បីនៅតាមផ្លូវ ត្រូវបានម្ចាស់កង់បីដឹកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍ និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥ នៅមុខសាលាសង្កាត់ភ្នំពេញថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៧៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសរងគ្រោះរូបនោះឈ្មោះ ឆុន រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ អាស័យដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នេះបើតាមលិខិតសុំចេញពីមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីមួយគ្រឿង ពណ៌ស បានបើកចូលទៅសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជួយដឹងឮនិងអន្តរាគមន៍ បន្ទាប់ពីបុរសរងគ្រោះរូបនោះដែលមុនដំបូងគេស្មានថាជាស្ត្រីបានស្លាប់នៅលើកង់បី។
តាមប្រភពពីអ្នករត់កង់បីបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឈប់ម៉ូតូនៅខាងមុខមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និងដើរចូលទៅក្នុងមន្ទីរពេទ្យដើម្បីរកម៉ូយ ខណៈនោះស្រាប់តែជនរងគ្រោះកំពុងអង្គុយនៅលើកៅអីរទេះរុញហៅអោយដឹកទៅម្ដុំផ្សារក្រមួន ខណ្ឌសែនសុខ ដោយឱ្យថ្លៃកង់បីក្នុងចំនួន៣ម៉ឺនរៀល ហើយសន្តិសុខបានជួយរុញរទេះ និងបានជួយគ្រាហ៍ជនរងគ្រោះឡើងជិះម៉ូតូកង់បី។
តាមអ្នកបើកបរម៉ូតូកង់បីបានឲ្យដឹងទៀតថា នៅពេលធ្វើដំណើរ មកក្បែរសាលាសង្កាត់ភ្នំពេញថ្មី គាត់ក៏បានស្រែកសួរជនរងគ្រោះថា ទៅតាមផ្លូវណា តែមិនឮឆ្លើយ គាត់ក៏បានបើកមកអែបខាងទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏បានបើកចូលទៅសាលាសង្កាត់ភ្នំពេញថ្មីដើម្បីឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជួយដឹងឮ ។ ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារតែជនរងគ្រោះស្លៀកសារុង និងរូបរាងកាយស្គមរីងរៃក៏មានការយល់ច្រឡំថាជនរងគ្រោះដែលស្លាប់នោះជាស្ត្រី។បន្ទាប់ពីមានការភ្ញាក់ផ្អើលអ្នកបើកម៉ូតូកង់បីត្រូវបានសមត្ថកិច្ចហៅទៅសាកសួរ។
នៅរសៀលថ្ងៃដដែលនោះ នគរបាលជំនាញក៍បានចុះទៅត្រួតពិនិត្យ និងបញ្ជាក់ថា សពជនរងគ្រោះគ្មានពាក់អាវ ស្លៀកសារុងចោមពុង ផ្ទៃមុខមានដំប៉ៅឡើងក្រម៉ កដៃខាងឆ្វេងមានដំប៉ៅរុំបង់ពណ៌ស, ក្បាលជង្គង់ កំភួនជើង និងខ្នង ប្រអប់ជើងទាំងសងខាងហើមមានដំប៉ៅរលួយ និងរុំបង់ពណ៌ស។ នៅជាប់នឹងខ្លួនសពជនរងគ្រោះមានថង់ខ្មៅមួយ មានភេសជ្ជៈ រួមនឹងទូរស័ព្ទមួយគ្រឿង។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរងគ្រោះរូបនោះស្លាប់ដោយជម្ងឺដំបៅក្លាយរោគ (មេរោគក្នុងឈាម) ៕


