ទីក្រុងសេអ៊ូល៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានបញ្ជូនដីកាកោះហៅអតីតប្រធានាធិបតីយូនស៊ុកយូលដើម្បីឱ្យលោកចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃអង្គារពាក់ព័ន្ធនឹងទោសក្បត់ជាតិដែលលោកហ៊ានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។ លោកយូនទទួលដីកាកោះឱ្យចូលខ្លួននៅម៉ោង៩ព្រឹកថ្ងៃអង្គារបន្ទាប់ពីលោកត្រូវសមត្ថកិច្ចសាកសួរជាច្រើនម៉ោងកាលពីចុងសប្ដាហ៍។
កាលពីមុននេះ អាជ្ញាធរកោះហៅលោកឱ្យចូលខ្លួននៅថ្ងៃចន្ទ។ ប៉ុន្តែក្រុមមេធាវីការពារក្ដីឱ្យលោកយូនស៊ុកយូលស្នើសុំពន្យារពេលដល់ថ្ងៃអង្គារដោយសារបញ្ហាសុខភាពរបស់លោកយូនផង និងដើម្បីឱ្យក្រុមមេធាវីមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនឆ្លើយបំភ្លឺ។ បន្ទាប់ពីឆ្លងកាត់ការសួរចម្លើយរយៈពេល១៥ម៉ោង លោកយូនស៊ុកយូលក៏ចាកចេញពីការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់នៅទីក្រុងសេអ៊ូលខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ។
សំណួររបស់រដ្ឋអាជ្ញាពាក់ព័ន្ធនឹងការចោទថាលោកយូនបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខរារាំងមិនឱ្យសមត្ថកិច្ចចូលចាប់ខ្លួនគាត់កាលពីខែមករា។ រដ្ឋអាជ្ញាចោទសួរលោកយូនប្រហែល៥ម៉ោង។ ប៉ុន្តែជាលក្ខណៈសួរឈប់ៗព្រោះក្រុមមេធាវីរបស់លោកយូនចេញមុខតវ៉ាករណីនគរបាលម្នាក់ចូលមកសាកសួរដែរ។ មេធាវីយល់ថាគាត់គ្មានដែនសមត្ថកិច្ចដើម្បីសួរចម្លើយលោកយូនទេ។
រដ្ឋអាជ្ញាបានសួរលោកយូនពាក់ព័ន្ធនឹង ទី១-ការកោះប្រជុំគណៈរដ្ឋមន្ត្រីត្រឹមតែបន្តិចប៉ុណ្ណោះមុនពេលលោកប្រកាសច្បាប់អាជ្ញាសឹក ទី២-ការដែលលោកព្យាយាមរារាំងរដ្ឋសភាមិនឱ្យបោះឆ្នោតលុបចោលច្បាប់អាជ្ញាសឹក និងទី៣-បទក្បត់ជាតិ៕