ត្រីសម្បូរឡើងវិញ៖ អភិបាលខេត្តពោធិ៍សាត់ កត់សម្គាល់ឃើញថា ធនធានជលផលនៅបឹងទន្លេសាបកំពុងងើបឡើងវិញ

ត្រីសម្បូរឡើងវិញ៖ អភិបាលខេត្តពោធិ៍សាត់ កត់សម្គាល់ឃើញថា ធនធានជលផលនៅបឹងទន្លេសាបកំពុងងើបឡើងវិញ

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានថ្លែងថា ត្រី នៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធាភូមិទី៥ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ក្នុងភូមិសាស្គ្រខេត្តបឹងទន្លេសាប។

ឯកឧត្តម ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងបឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។

ការសម្បូរត្រីឡើងវិញនៅតំបន់បឹងទន្លេសាបនេះគឺក្រោយពីកម្លាំងយោធភូមិភាគទី៥ សហការជាមួយសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនៅក្នុងភូមិសាស្គ្រខេត្តជាប់បឹងទន្លេសាប ។ ឯកឧត្តម បញ្ជាក់ថា ផ្អែកតាមគោលការការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពង្រាយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប និងបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ។

ប្រជានេសាទត្រូវប្រកបរបរនេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងដែលកំពុងអនុវត្តការងារ។ បើឃើញមានបទល្មើសនេសាទ ត្រូវរាយការណ៍ប្រាប់កងកម្លាំងចុះបង្ក្រាបនិងបំផ្លាញចោល និងចូលរួមរក្សាការពារមច្ឆជាតិឱ្យមានពងកូនបន្តពូជជាក់ ស្តែងពេលនេះកំពុងចាប់ផ្តើមសម្បូរត្រីហើយក្នុងបឹងទន្លេសាប។

តាមរយៈនេះឯកឧត្តមក៏បានធ្វើការអំពាវនាវ ដល់ប្រជានេសាទដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅជុំវិញបឹងទន្លេសាប គប្បីរួមគ្នា អភិរក្ស និងអភិវឌ្ឍសំដៅធ្វើយ៉ាងណា ឱ្យធនធានជលផលនិងធនធានធម្មជាតិកាន់តែប្រសើ និងសម្បូឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles