ឥណ្ឌូណេស៊ី៖ មនុស្សចំនួន ៣នាក់ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ក្រោយបាត់ខ្លួនអស់ជាច្រើនថ្ងៃបន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្នុងសមុទ្រ ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ គួររម្លឹកជូនថា ហេតុការណ៍លិចទូកនេះបានកើតឡើងតាំងតែពីថ្ងៃទី២៥ ខែមិថុនាម្លេះ តែសាកសពរបស់ជនរងគ្រោះទើបត្រូវបានក្រុមអ្នកនេសាទប្រទះឃើញ។
បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា ទូកដែលបានលិចនេះគឺជាទូកដឹកក្រុមកីឡាករបាល់ទាត់ចេញពីកោះ Nenek ដើម្បីទៅប្រកួតជាមួយក្រុមម្ខាងទៀតនៅលើកោះ Setokok។ យ៉ាងណាក្តី មិនទាន់ធ្វើដំណើរដល់គោលដៅផង ទូកក៏បានលិចនៅម៉ោងប្រមាណជា ៤ល្ងាច ហើយភ្លាមៗនោះមនុស្សជាង ១០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈមនុស្ស ៣នាក់ត្រូវបានបាត់ខ្លួន ហើយថ្មីៗនេះសាកសពអ្នកបាត់ខ្លួនទាំង ៣នាក់នោះ ត្រូវបានគេប្រទះឃើញអណ្តែតនៅលើផ្ទៃសមុទ្រចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីកោះ Nenek ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Striat Time