(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្ដីជូនដំណឹង បញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។
សហព័ន្ធស្រូវអង្ករកម្ពុជា ជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម៕
ប្រភព៖ ក្រសួងព័ត៌មាន