វិនិយោគកម្ពុជា៖ ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តធុរកិច្ចម៉ាឡេស៊ី បង្ហាញពីសក្តានុពល និងស្ថិរភាពសេដ្ឋកិច្ច

វិនិយោគកម្ពុជា៖ ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តធុរកិច្ចម៉ាឡេស៊ី បង្ហាញពីសក្តានុពល និងស្ថិរភាពសេដ្ឋកិច្ច

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដើម្បីពីភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ។ គណៈប្រតិភូរួមមានតំណាងមកពីសមាគមធុរកិច្ចម៉ាឡេស៊ីចំនួ២០ ក្នុងវិស័យចម្រុះ ដូចជាសំណង់ គ្រឿងម៉ាស៊ីន គ្រឿងសង្ហារិម បច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច និងវិស័យកម្មន្តសាលជាដើម។

នៅក្នុងជំនួបនេះ Dato’ Sri Dr. Ricky Yaw បានលើកឡើងថា៖ “គោលដៅនៃបេសកកម្មរបស់គណៈប្រតិភូគឺលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក៏អាចសម្របសម្រួលដល់សហគ្រាសកម្ពុជាក្នុងការស្វែងរកឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។” លោកបានស្នើឱ្យក្រសួងជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហាលំបាកនានា ទាំងនៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន និងក្នុងពេលដំណើរការអាជីវកម្ម។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាស្ថិរភាព ការបង្កើតបរិយាកាសអំណោយផល និងគោលនយោបាយគាំទ្រការ​វិនិយោគ។ ឯកឧត្តមបានលើកឡើងថា៖ “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រៀមជួយគាំទ្រអ្នកវិនិយោគម៉ាឡេស៊ី ពិសេសទាក់ទងនឹងប្រកាសបង្កើតរោងចក្រ-សហគ្រាស ប្លង់បច្ចេកទេសរោងចក្រ និងស្តង់ដាសុវត្ថិភាពឧស្សាហកម្មជាដើម។ យើងក៏ប្រកាន់យកអភិក្រមបើកចំហ ដោយមិនមានការរឹតត្បិតការធ្វើស្វ័យប្រវត្តិកម្មខ្សែច្រវាក់ផលិតកម្ម និងការប្រើប្រាស់រូបូនៅក្នុងរោងចក្រទេ។”

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គោលនយោបាយនេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម ដោយផ្តោតលើការបង្កើតតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីគោលនយោបាយបើកចំហសម្រាប់ការវិនិយោគ យន្តការលើកទឹកចិត្ត ការខិតខំអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញជាដើម។ ក្រៅពីឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យពិចារណាវិនិយោគលើវិស័យសក្តានុពល ដូចជាការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យា ឧបករណ៍វេជ្ជសាស្ត្រ និងឧស្សាហកម្មគ្រឿងសង្ហារិម។

ឯកឧត្តមបានលើកឡើងថា៖​ “ឧស្សាហកម្មគ្រឿងសង្ហារឹមក៏មានសក្តានុពលសំខាន់ ហើយយើងអាចស្វែងរកវិធីអភិវឌ្ឍផលិតផលពីឈើប្រកបដោយចីររភាព ដើម្បីគាំទ្រដល់ឧស្សាហកម្មគ្រឿងសង្ហារឹម។” ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈប្រតិភូសិក្សាឱកាសបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬអាចពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ីដោយឡែក ព្រមទាំងសហការជាមួយសហគ្រិនខ្មែរ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយធុរកិច្ចថ្មីក្នុងស្រុក។

ឯកឧត្តមបានបន្ថែមថា៖ “យើងមានធុរកិច្ចថ្មីជាច្រើនដែលអាចជាដៃគូដ៏ល្អសម្រាប់ការបណ្តាក់ទុនរបស់អ្នកវិនិយោគម៉ាឡេស៊ី។” ឯកឧត្តមបានបញ្ជាក់ជូនគណៈប្រតិភូអំពីទស្សនវិស័យកំណើនរបស់កម្ពុជាថា៖ “កម្ពុជាជាប្រទេសដែលមានភាពស្វាហាប់ មានសន្តិភាព ស្ថិរភាព និងប្តេជ្ញាអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកត្រូវមានទំនុកចិត្ត មានជំនឿ និងក្តីសង្ឃឹមថា អាជីវកម្មរបស់អ្នកនឹងមានអនាគត និងឱកាសរីកចម្រើននៅទីនេះ។” ឯកឧត្តមក៏បានណែនាំឱ្យអ្នកវិនិយោគទាំងអស់ប្រើប្រាស់បណ្តាញវិនិយោគផ្លូវការ តាមរយៈក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ជាជាងការពឹងផ្អែកលើបណ្តាញក្រៅផ្លូវការ៕

ប្រភព៖ ក្រសួងព័ត៍មាន

administrator

Related Articles