សម្ដេចតេជោ ហ៊ុន សែន៖ ស្នើក្រសួងយុត្តិធម៌សិក្សាវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតិពលរដ្ឋឃុបឃិតបរទេសបំផ្លាញជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ស្នើក្រសួងយុត្តិធម៌សិក្សាវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតិពលរដ្ឋឃុបឃិតបរទេសបំផ្លាញជាតិ

យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សិក្សាលើលទ្ធភាពនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពលរដ្ឋកម្ពុជាដែល ឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិរបស់ខ្លួន។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា​បានស្នើដល់រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ឱ្យសិក្សា លើ​លទ្ធភាព​នៃការធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញដកសញ្ជាតិ​ពលរដ្ឋកម្ពុជា ណា​ដែលឃុបឃិត​ជាមួយ​បរទេសមកបំផ្លាញជាតិរបស់ខ្លួន។

ក្នុងឱកាសអញ្ជើញជួប សំណេះសំណាល ជាមួយ​សមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវចំណុចនេះ។សម្ដេចតេជោបន្តថា ​សម្ដេចមិនចង់​លើក​ពី​បញ្ហាជាតិសាសន៍ឯង ខណៈកំពុងមានបញ្ហាជាមួយបរទេស នោះទេ ប៉ុន្ដែមានពលរដ្ឋខ្មែរខ្លះ​ប្រឆាំងជ្រុលពេកមិនគិតផល ប្រយោជន៍ជាតិ ។

សម្ដេចតេជោបានរំលឹកលើចំណុចពាក់ព័ន្ធថា កម្ពុជាបានផ្ញើលិខិតទៅតុលាការអន្តរជាតិរួចហើយ ប៉ុន្ដែបែរជាមាន​បង​ប្អូន​ប្រឆាំងមួយ ចំនួន​បានទាមទារឱ្យបង្ហាញការបោះត្រា ឬការបញ្ជាក់អ្វីជាដើម។ សម្ដេចបន្តថា បងប្អូនប្រឆាំងក៏​ប្រឆាំងទៅចុះ ប៉ុន្ដែកុំជ្រុលនិយមពេក។ តុលាការគេមាននីតិវិធីរបស់តុលាការ មិនអាចយកពាក្យបណ្ដឹងណាមួយ ទៅបង្ហាញមុន​ពេលកាត់ក្ដីទេ មិនថា តុលាការជាតិ ឬអន្តរជាតិ ពីព្រោះបើយើង​ធ្វើមិនស្រួល តុលាការមានសិទ្ធិព្យួរ​បណ្ដឹង​របស់​កម្ពុជាបាន។

សម្ដេចតេជោ បានចោទជាសំណួរទៅកាន់ពួកប្រឆាំងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង? ខណៈ​ពេលនេះម៉ោងនេះ កម្ពុជា កំពុងតែមានក្តីក្តាំងជាមួយសត្រូវ ហេតុអ្វីពួកអ្នកទាមទារឱ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាង​លើសំណុំរឿងកម្ពុជា ប្តឹងទៅកាន់តុលាការឡាអេ រឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ? រឿងនេះ គឺជារឿងសម្ងាត់របស់តុលាការ ។ដូច្នេះរាជរដ្ឋាភិបាល មិនតម្រូវតាមក្រុមប្រឆាំងទាំងនោះ ដើម្បីឱ្យខូចផល​ប្រយោជន៍ជាតិទាំងមូលនោះឡើយ ។

ភ្ជាប់ជាមួយការពន្យល់នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយស្នើទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យ​មើលការស្នើ​សុំធ្វើវិសោធន​កម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជា​មួយ​បរទេសបំផ្លាញខ្មែរ ប្រឆាំងខ្មែរក្នុង​កាលៈទេសៈ​វិវាទព្រំដែនជាមួយថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles