ឆបោកទុរេនអនឡាញ៖ អាជ្ញាធរ​បញ្ជូន​ខ្លួន​ជនសង្ស័យ ២នាក់ ទៅតុលាការ​ករណី​បោកប្រាស់​ទិញ-លក់​ទុរេន

ឆបោកទុរេនអនឡាញ៖ អាជ្ញាធរ​បញ្ជូន​ខ្លួន​ជនសង្ស័យ ២នាក់ ទៅតុលាការ​ករណី​បោកប្រាស់​ទិញ-លក់​ទុរេន

រាជធានីភ្នំពេញ ៖ អាជ្ញាធ​មាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ជនសង្ស័យ​០២​រូប​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ករណី​ឆបោក​ប្រាក់​ក្រោម​រូបភាព​ទិញ​-​លក់​ផ្លែ​ទុរេន​តាម​អន​ឡាញ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ​ករណី​ឆបោក​ប្រាក់​ផ្សព្វផ្សាយ​ទិញ​-​លក់​ផ្លែ​ទុរេន តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ។


ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​រូប ឈ្មោះ ឈ​.​ឆ​. ភេទ​ប្រុស និង ឈ្មោះ ហ​.​គ​.​ន​. ភេទ​ស្រី ។

ប្រភព​ដដែល បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ស្រាវជ្រាវ សមត្ថកិច្ច​កំណត់​បាន​ថា ករណី​នេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនសង្ស័យ​០៣​រូប ដោយ​ជនសង្ស័យ​០២​នាក់​ខាងលើ ជា​ម្ចាស់​គណនី​ធនាគារ ដែល​ជា​មធ្យោបាយ​ទទួល​ប្រាក់​ពី​បទល្មើស និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ឈ​.​ប​. ភេទ​ប្រុស ជា​អ្នកគ្រប់គ្រង ប្រើប្រាស់​គណនី​ធនាគារ​ទាំងនេះ ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះជា​ច្រើន​នាក់​យ៉ាង​សកម្ម ហើយ​ពេល​នេះ​កំពុង​រត់គេច​ពី​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សាធារណជន ជា​ពិសេស​អ្នក​និយម​ទិញ​ទំនិញ​អន​ឡាញ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម សូម​មេត្តា​ប្រុង​ប្រយ័ត្ន និង​ត្រួតពិនិត្យ វិភាគ ឲ្យ​ច្បាស់លាស់​ទៅ​លើ​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នានា ដែល​ផ្សព្វផ្សាយ​ពី​ការ​លក់ទំនិញ​តាម​អន​ឡាញ ជៀសវាង​ការ​ខាតបង់​ផលប្រយោជន៍​ផ្សេង​ៗ​ដោយ​ប្រការ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles