រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២ កក្កដា ២០២៥នេះ ព្រះតេជគុណព្រះភិក្ខុមហានរិន្ទ ថន ហៅលោកឳស៊ុច បាននិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានវត្តមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញទៅទទួល ខណៈដែលព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឳ ស៊ុច បានសម្រេចព្រះទ័យមកពីបរទេសចូលមកកម្ពុជា ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត ។

នៅវេលាម៉ោង១១ថ្ងៃដដែលលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្តនិងជូនដំណើរព្រះតេជគុណមហានរិន្ទ ថន ហៅលោកឳ ស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វត្តនាគវន្ត ក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាពហើយ ។ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឳ ស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរ៉ាំព្រះរាជាណាចក្រថៃ ។

ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់ព្រះតេជគុណព្រះភិក្ខុមហានរិន្ទ ថន ហៅលោកឳស៊ុច នាពេលនេះគឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ជាងនេះទៅទៀត ខណៈព្រះអង្គនិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២ កក្កដា ២០២៥គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្តនិងអញ្ជើញមកទទួលស្វាគមន៌ព្រះតេជគុណព្រះភិក្ខុមហានរិន្ទ ថន ហៅលោកឳស៊ុច ផងដែរ ។

ព្រះតេជគុណព្រះភិក្ខុមហានរិន្ទ ថន ហៅលោកឳស៊ុច ជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ននិងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកឳមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថៃខ្លាចការពិត ខ្លាចសច្ចធម៌ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ ។

ព្រះអង្គមានព្រះទ័យ សប្បាយរីករាយណាស់ ដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តិអ្វីទេ តែត្រូវបានសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជាដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។ ចំពោះផែនការមកកម្ពុជាថាតើ នឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថាមិនទាន់មានគម្រោងទៅណានៅឡើយទេ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ ព្រះភិក្ខុមហានរិន្ទ ថន ហៅលោកឳស៊ុច គ្រប់ពេលវេលា ។ មិនត្រឹមតែចំពោះព្រះតេជគុណលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា ។

រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ ។ ទាក់ទងនឹងការទទួលស្វាគមន៍ព្រះភិក្ខុមហានរិន្ទ ថន ហៅលោកឳស៊ុច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា វាមិនមែនជារឿងថ្មីនោះឡើយព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោកស្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ ។

ការប្រកាសស្វាគមន៍ពីថ្នាក់ដឹកនាំកម្ពុជា ក្រោយពីព្រះអង្គស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា ។ ការសុំសិទ្ធិជ្រកកោនរបស់ព្រះសង្ឃថៃដែលមានព្រះនាមថា លោកឪ ស៊ុច ធ្វើឡើង ក្រោយព្រះសង្ឃអង្គនេះសម្តែងការមិនពេញចិត្តនឹងអាជ្ញាធរថៃ និងបានរិះគន់ដល់ពលរដ្ឋខេត្តសុរិន្ទ ដើមកំណើតខ្មែរមួយចំនួន ដែលនិយមថៃ ហើយភ្លេចកំណើតខ្លួនជាខ្មែរ ។ នៅក្នុងសំណេរដែលបង្ហោះតាមបណ្តាញសង្គមរួមមានហ្វេសប៊ុក និងតេឡេក្រាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍លោកឪ ស៊ុច ដែលមានព្រះនាមថា ព្រះមហានរិន្ទថន ហៅលោកឪ ស៊ុច ។

តាមរយៈឃ្លីបវីដេអូខ្លីមួយ លោកឪ ស៊ុច ដែលកំពុងគង់នៅក្នុងប្រទេសកាណាដា មុននេះបានបញ្ជាក់ថា ព្រះអង្គមិននិមន្តត្រលប់ទៅថៃវិញទេ និងអះអាងថាលោកសុខចិត្តធ្វើអត្តឃាតដោយចងកនៅលើឡានប៉ូលិសថ្វាយជីវិតនៅលើទឹកដីខ្មែរ ប្រសិនបើលោកនិមន្តទៅប្រទេសខ្មែរ ហើយរដ្ឋាភិបាលខ្មែរចាប់បញ្ជូនលោកទៅឲ្យថៃវិញ ។ ក៏ប៉ុន្តែសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងសំណេររបស់សម្តេចថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរបញ្ជូនទៅប្រទេសណាផ្សេងនោះឡើយ ។
ចំណុចនេះ ធ្វើឲ្យលោកតា ស៊ុច មានសង្ឃដីកាគូសបញ្ជាក់ចុងក្រោយតាមរយៈឃ្លីបវីដេអូខ្លីមួយទៀតថា ព្រះអង្គអរគុណដល់ការសណ្តោសរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ព្រមទាំងប្រកាសថ្វាយជីវិតដល់ព្រះមហាក្សត្រ និងទឹកដីខ្មែរផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រៅពីអបអរចំពោះការទទួលលោកឪស៊ុច សម្តេចសង្ឃឹមថា នាយករដ្ឋមន្ត្រី នឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់ព្រះសង្ឃអង្គនេះផងដែរ ដើម្បីព្រះអង្គបំពេញការងារក្នុងឋានៈជាជនជាតិខ្មែរ ។ សម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមដែរថា រឿងលោកឪ ស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪ ស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ ។
សូមរំលឹកថា ព្រះមហានរិន្ទថន ហៅលោកឪ ស៊ុច គឺជាព្រះសង្ឃមួយអង្គ ដែលគង់នៅក្នុងវត្តមួយក្នុងខេត្តបុរីរ៉ាំរបស់ថៃ ។ លោកឪ ស៊ុច ជាព្រះសង្ឃដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមពុទ្ធបរិស័ទខ្មែរ តាមរយៈការសម្តែងធម្មទេសនាលាយឡំនឹងសិល្ប៍វិធីបែបកំប្លែង ដោយលោកអាចមានសង្ឃដីកាជាភាសាខ្មែរ បែបខ្មែរសុរិន្ទ ភាសាថៃ និងភាសាឡាវ ។ លោកតាបានសិក្សាពីលក្ខណៈប្រជាសាស្ត្ររបស់ខ្មែរ និងខ្មែរសុរិន្ទយ៉ាងច្បាស់លាស់ និងតែងមានសង្ឃដីកាអប់រំ ទូន្មានខ្មែរសុរិន្ទកុំឲ្យភ្លេចដើមកំណើតខ្មែរ ។
គេនៅចាំបានថាអំឡុងពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ពេញបន្ទុកអំឡុងឆ្នាំ២០២០ លោកឪ ស៊ុច បានជួយទៅដល់ពលករខ្មែរនូវកន្លែងស្នាក់នៅ និងអាហារហូបចុក នៅក្នុងវត្តរបស់ព្រះអង្គក្នុងទឹកដីថៃផងដែរ ៕
