កិច្ចសហប្រតិបត្តិការវិនិយោគ៖ គណៈប្រតិភូទីម័រឡេស្តេ សិក្សាស្វែងយល់ពីគោលនយោបាយវិនិយោគ ឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

កិច្ចសហប្រតិបត្តិការវិនិយោគ៖ គណៈប្រតិភូទីម័រឡេស្តេ សិក្សាស្វែងយល់ពីគោលនយោបាយវិនិយោគ ឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

ភ្នំពេញ : ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ ដឹកនាំដោយលោក Elias De Jesus Fatima ប្រធានសម្របសម្រួលការិយាល័យកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកំណែទម្រង់។ គណៈប្រតិភូមានបំណងស្វែងយល់ពីគោលនយោបាយវិនិយោគ ការសម្របសម្រួលជំរុញអនុវត្តគោលនយោបាយឧស្សាហកម្ម  និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ជំនួបនោះបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ, គោលនយោបាយដែលពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តវិនិយោគ, វិស័យអាទិភាព,យន្តការគាំទ្រដល់ការវិនិយោគ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ហើយដែលបានបង្កលក្ខណៈឲ្យកម្ពុជាពង្រីកទីផ្សារសម្រាប់ទំនិញរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។ ក្នុងជំនួបពិភាក្សានេះក៏មានការធ្វើបទបង្ហាញអំពីសាវតានៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនាពេលបច្ចុប្បន្ន, ប្រភេទនៃគម្រោងវិនិយោគនៅក្នុងតំបន់, និងបរិមាណនៃការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ប្រទេសនានាផងដែរ។

មានមតិក្នុងជំនួបនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ បានសម្តែងនូវការកោតសរសើចំពោះភាពរីកចម្រើនរបស់កម្ពុជា និងការដាក់ចេញនូវគោលនយោបាយនានាដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងចែករម្លែកនូវបទពិសោធន៍និងមេរៀនល្អៗដែលកម្ពុជាបានជួបប្រទះហើយដែលគណៈប្រតិភូនឹងប្រមូលធាតុចូលទាំងនេះដើម្បីរៀបចំគោលនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles