ភ្នំពេញ : ឯកឧត្តម ឡរ៉ន ម៉ុង (LAWRENCE WONG) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរី បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសសិង្ហបុរីវិញ នៅល្ងាចថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជំនួបសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងជំនួបទ្វេភាគី ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និង អញ្ជើញធ្វើបដិសណ្ឋារកិច្ចផ្លូវការប្រកបដោយកិត្តិយសជូន ឯកឧត្តម ឡរ៉ន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព។
តាមរយៈជំនួបនេះ សម្ដេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា និងបានសម្តែង ការអបអរសាទរជាថ្មីម្ដងទៀតចំពោះជ័យជំនះរបស់ ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការ
បោះឆ្នោតនាពេលថ្មីៗនេះ។
ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានថ្លែងអំណរគុណ សម្ដេចធិបតី យ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កើតទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយូរអង្វែងនិងរឹងមាំរវាងប្រទេសទាំងពីរ ក្នុងពេល បច្ចុប្បន្ននិងអនាគត។
ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកប ដោយផ្លែផ្ការវាងកម្ពុជា-សិង្ហបុរី ព្រមទាំងសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បាន វាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់កម្រិត និងគ្រប់វិស័យ ព្រមទាំងប្ដេជ្ញាបន្តជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សានិងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ ការតភ្ជាប់ ប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ កសិកម្ម សន្តិសុខស្បៀងនិងថាមពល និងការបណ្ដុះបណ្តាលជំនាញ និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ។
បន្ទាប់ពីជំនួបទ្វេភាគីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានរៀបចំពិធីជប់លៀង ផ្លូវការជូន ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព។
ជំនួបសម្តែងការគួរសម
នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក កម្ពុជា នាពេលនេះ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី ជាផ្នែកមួយដ៏សំខាន់ នៃការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែល្អ ប្រសើររីកចម្រើនបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងល្អរវាងកម្ពុជា-សិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពី ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ” និង ឯកឧត្តម លី ក្វាន់យូ នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី កាលពី៦០ឆ្នាំមុន បន្តរហូតមកដល់ពេល បច្ចុប្បន្ននេះ។ សម្ដេចតេជោ ជំរុញឱ្យប្រទេសទាំងពីរបង្កើនជើងហោះហើរទៅវិញទៅមកកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រីកវិស័យទេសចរណ៍ ខណៈកម្ពុជាគ្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលឆាប់ៗ ខាងមុខ។ សម្ដេចតេជោ ក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីគោលជំហរ របស់កម្ពុជា គឺមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និង
ឈរលើគោលការណ៍ច្បាប់អន្តរជាតិ។
ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី ចាត់ទុក សម្ដេចតេជោ ជាតួអង្គមួយដែលបានពង្រីកនិងពូនជ្រំទំនាក់ទំនង រវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែមានការរីកចម្រើនឡើង។ ឯកឧត្តម ក៏យល់ស្របចំពោះការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ដោយសង្ឃឹមថា សន្តិភាពនឹងកើតឡើងនៅក្នុងតំបន់អាស៊ាន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី រួមទាំងគណៈប្រតិភូ ក៏បានអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាវីរក្សត នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ រួមដំណើរជាមួយ លោកជំទាវ ជឺលុយ លូ ភរិយា ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អញ្ជើញទស្សនកិច្ចសារមនី្ទរជាតិ នៃកម្ពុជា នៅរាជធានីភ្នំពេញ។
គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឡរ៉ន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សិង្ហបុរី នៅកម្ពុជានាពេលនេះ បង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជានៅក្នុងតំបន់ ជាពិសេសបង្ហាញពី ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជានិងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយ ការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនងល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តនៅគ្រប់ ជ្រុងជ្រោយនៃពិភពលោក។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានពង្រឹងបន្ថែមទៀតនូវចំណង មិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕រក្សាសិទ្ធដោយ : សុទ្ធលី
















