សម្តេច ហ៊ុន សែន ណែនាំបញ្ឈប់ការទិញទំនិញយុទ្ធសាស្ត្រពីថៃ៖ អគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័ន ត្រូវដាច់ខាតឈប់ទិញ!

សម្តេច ហ៊ុន សែន ណែនាំបញ្ឈប់ការទិញទំនិញយុទ្ធសាស្ត្រពីថៃ៖ អគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័ន ត្រូវដាច់ខាតឈប់ទិញ!

ព្រៃវែង : ទាក់ទងទៅនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមកកម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ ហើយកម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ហើយគ្មានការចរចាអ្វីទៀតនោះទេ។


សម្តេចបានផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅឈប់ទិញដាច់ខាតចំពោះអគ្គិសនី និងអ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសសម្តេចបែបនេះគឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។សម្តេចបានបង្ហើបថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃបានលួចដឹកប្រេងតាមផ្លូវទឹកចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ឲ្យបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីប្រទេសថៃ ដូចជា អគ្គិសនី, អ៉ីនធ័រណេត, ប្រេងឥន្ធនៈ និងឧស្ម័ន ជាដើម និងបានប្រាប់ឲ្យឈប់ចាក់បញ្ចាំងរឿងថៃទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន អ្វីដែលជាផ្នែកយុទ្ធសាស្ដ្រកុំទិញពីថៃឲ្យសោះ ទីមួយ៖ អគ្គិសនី ដាច់ខាតកុំទិញ, ទីពីរ៖ អ៉ីនធ័រណេត, ទីបី៖ ប្រេងឥន្ធនៈ និងឧស្ម័ន ព្រោះថា ពេលមានការគេកាត់អាហ្នឹង និងងាប់»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងថៃគំរាមមកកម្ពុជា មិនមែនរឿងថ្មីនោះទេ កាលពីជម្លោះព្រំដែន កម្ពុជា-ថៃ កាលលើកមុន ថៃក៏បានគំរាមមកកម្ពុជាផងដែរ ដូច្នេះហើយ បានជាផ្លូវជាតិលេខ៦៨ សម្ដេចបង្វែរមកប្រើប្រាស់ថវិកាជាតិវិញ ព្រោះថា ថៃបានគំរាមកំហែងកាត់ផ្ដាច់ជំនួយ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់បញ្ចាំងរឿងថៃ ត្រូវបញ្ឈប់ទាំងអស់ ហើយល្មមដល់ពេលដែលកម្ពុជា បញ្ឈប់ការបញ្ចាំងរឿងថៃហើយ ត្រូវមកគាំទ្ររឿងភាពយន្ដក្នុងស្រុកវិញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា កាលពីឆ្នាំ២០០៣ កម្ពុជាបានបញ្ឈប់ឲ្យចាក់បញ្ចាំងរឿងថៃ នៅក្នុងប្រទេសកម្ពុជាម្ដងរួចមកហើយ តែខាងភាគីថៃ បានស្នើសុំមកសម្ដេចជានិច្ចកាល ទើបសម្ដេចអនុញ្ញាតឲ្យមានការចាក់បញ្ចាំងរឿងថៃឡើងវិញ នៅកំឡុងឆ្នាំ២០១៦-២០១៧៕រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles