ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធគយបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕ រក្សាសិទ្ធដោយ : សុទ្ធលី


