រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ មួយគ្រឿង បានបើកបុកម៉ូតូកង់៣ ពីក្រោយពេញទំហឹងទៅផ្ទុបនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងរីយ៉ែចូលឃ្លាំង បណ្ដាលឱ្យអ្នកបើកបរកង់៣ កៀបជាប់រងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខកំពត 3A.0863 ជារថយន្តកងដឹកជញ្ជូនCT ដែលមានលេខសំគាល់B៦២ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។
ជនរងគ្រោះ ឈ្មោះ ភា ប្រុសអាយុ ៥១ឆ្នាំ មានទីលំនៅភូមិឈើទាល ភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូកង់៣ ពាក់ស្លាកលេខកណ្តាល 1AG-2411 ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់៣ខាងលើ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ ក៏បានឈប់ ដើម្បីរង់ចាំឲ្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង រ៉ឺយ៉ែ ថយក្រោយ បត់ចូលឃ្លាំងដែក។ ខណៈឈប់រង់ចាំនោះ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញរបស់កងដឹកជញ្ជូនCT ដែលមានលេខសម្គាល់B៦២ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយមកបុកម៉ូតូកង់៣ កំពុងឈប់ពីក្រោយពេញទំហឹង ។
សាក្សីបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់រថយន្តបង្កបានបុក ហើយរុញម៉ូតូកង់បី ទៅផ្ទុបនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងដែលកំពុងរ៉ឺយ៉ែចូលឃ្លាំងបណ្ដាឲ្យម៉ូតូកង់៣ កំពិតកៀបជាប់អ្នកបើកបររងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។
តាមព័ត៌មានឲ្យដឹងទៀតថា ភ្លាមៗប្រជាពលរដ្ឋ ដែលធ្វើដំណើរនាំគ្នាគាស់ ដើម្បីយកជនរងគ្រោះចេញពីម៉ូតូកង់បី រួចទាក់ទងហៅរថយន្តបញ្ជូនសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅវាស់វែង រួចបញ្ជូនរថយន្តទាំងពីរគ្រឿង និងម៉ូតូកង់បី ព្រមទាំងនាំខ្លួនអ្នកបើកបរទៅកាន់កាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីដោះស្រាយសងការខូចខាត៕





