ថៃឡង់ដ៍៖ ជាប្រវត្តិសាស្ត្រថ្មីរបស់ថៃដែលកំណត់ឱ្យរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាឧបនាយករដ្ឋមន្ត្រី លោក ស៊ូរីយា ជុងរុងរឿងគីត (Suriya Jungrungreangkit) ឱ្យបំពេញតួនាទីជានាយករដ្ឋមន្ត្រីស្ដីទីរយៈពេលពេញមួយថ្ងៃតែប៉ុណ្ណោះ កាលពីថ្ងៃពុធម្សិលមិញ។ លោកបានចូលកាន់តំណែងត្រឹមមួយថ្ងៃនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវតុលាការធម្មនុញ្ញព្យួរពីតំណែង ។

ការកាន់តំណែងក្នុងរយៈពេលដ៏ខ្លីនេះ ធ្វើឡើងដើម្បីបំពេញកិច្ចការចាំបាច់ និងចន្លោះខ្វះខាតមុនពេលដែលលោកនឹងត្រូវផ្ទេរអំណាចទៅឱ្យអ្នកនយោបាយជើងចាស់មួយរូបផ្សេងទៀត ក្រោយគណៈរដ្ឋមន្រ្តីថ្មី ធ្វើពិធីសច្ចាប្រណិធាន នៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២៥ ។

លោកស៊ូរីយ៉ា (Suriya) មិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីចំណាប់អារម្មណ៍នៅពេលដែលលោកបំពេញតួនាទីក្នុងរយៈពេលខ្លីបែបនេះទេ ខណៈដែលលោកគ្រាន់តែលើកឡើងថា ភារកិច្ចចម្បងរបស់លោក គឺជាការចុះហត្ថលេខាលើឯកសារចាំបាច់ ដើម្បីធានាថា ការផ្ទេរតំណែងទៅកាន់នាយករដ្ឋមន្ត្រីស្តីទីបន្ទាប់ ដែលនឹងចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍នេះ នឹងមិនមានភាពរអាក់រអួល ។

គួររម្លឹកថា លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលមកពីក្រុមគ្រួសារអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ ត្រូវតុលាការធម្មនុញ្ញព្យួរពីតំណែងកាលពីពេលថ្មីៗនេះ ក្រោយតុលាការនិយាយថា ខ្លួនមានហេតុផលគ្រប់គ្រាន់ដើម្បីចោទប្រកាន់ថា លោកស្រី បានបំពានក្រមសីលធម៌រដ្ឋមន្ត្រី អំឡុងដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយនៅក្នុងការស៊ើបអង្កេតនេះ នឹងចំណាយពេលជាច្រើនខែទៅមុខទៀត ៕ សម្រួលដោយ៖ CNC ប្រភព៖ AFP/ Bangkok Post