ចាប់ខ្លួនមនុស្សពីរនាក់ ករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ
Heang




ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។

តាមរយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ ៣នាក់។ ជនសង្ស័យ២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យ២នាក់ខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរម្លឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម ប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ៕