រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ កក្កដា ២០២៥ បានសម្ដែងការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសាររថយន្ត ពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ ។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏សូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការលើករណីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលា ។
ក្នុងស្មារតីកិច្ចសហប្រតិបត្តិការល្អ និងឈរលើអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយមហាគ្រួសារវិស័យទេសចរណ៍ ក្រសួងសូមអំពាវនាវបងប្អូនទាំងអស់គ្នា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងធានាថា កម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា សរុបចំនួន៩នាក់ នៅគោលដៅស្ដុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកធ្វើការសួរនាំ និងឆ្លើយបំភ្លឺករណីឃាត់រថយន្ដជនជាតិឥណ្ឌូនេស៊ី កាលពីកន្លងទៅថ្មីៗនេះ ។
ការកោះហៅនេះ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី០១គ្រឿង ហើយសួរនាំរកឯកសាររថយន្ត នៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៊ានរួចហើយ តែប៉ូលិសនៅតែទាមទាររកឯកសារផ្សេងៗរហូតប៉ូលិសទាមទារលុយ ចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះ មានប៉ូលិសមកទាមទារបន្ថែម៤០០០រៀលទៀត ។
ទោះជាយ៉ាងណា មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ទាំង៩រូប ត្រូវបានមន្ត្រីជំនាញ សួរនាំ និងធ្វើការស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ដើម្បីធ្វើរបាយការណ៍ជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទរ ដើម្បីពិនិត្យ និងសម្រេច។ ករណីមន្ត្រីរូបណា ដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាត ដោយមិនលើកលែងនោះទេ ៕




